30 C
Phnom Penh
Saturday, July 27, 2024

ខេត្តកំពង់ឆ្នាំងគ្រោងបើកសាលារៀនឲ្យបាន ៧៥% បន្ទាប់ពីដំណើរការសាកល្បងមិនមានឧបសគ្គ

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ គ្រឹះស្ថានសិក្សារបស់រដ្ឋនៅខេត្តកំពង់ឆ្នាំង ប្រមាណជាង ៧៥ភាគរយ គ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត ក្រោយពីការបើកសាលារៀនសាកល្បងនៅលើកដំបូង បានដំណើរការដោយរលូន
មិនមានឧបសគ្គ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

លោក ស៊ឹម ប្រឹម បានឱ្យដឹងថា នៅពេលនេះ មន្ទីរបានស្នើសុំទៅថ្នាក់ខេត្ត និងក្រសួងអប់រំយុវជននិងកីឡា ដើម្បីសុំការអនុញ្ញាត្តបើកសាលារៀនបន្តទៀត ឱ្យបាន ៧៥ភាគរយកនៃសាលារៀននៅទូទាំងខេត្ត តាមភូមិសាស្រ្តដែលមានហានិភ័យទាប។ ការស្នើសុំបើកសាលារៀនជាបន្តទៀតនេះ គឺបន្ទាប់ពីស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង បានថមថយជាងពេលមុន។លោកបានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង បានបើកសាលារៀន ជាលើកដំបូង ក្នុងដំណើរការសាកល្បង ចាប់តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ ដែលបានបើកលើកកម្រិតថ្នាក់ទី៩ និង ទី១២ បានប្រមាណជា១០ភាគរយហើយ។ក្នុងដំណើរការសាកល្បងនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានជាឧបសគ្គនោះឡើយ។ នៅក្នុងពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំងនឹងបើកសាលារៀន ឱ្យបានរហូតដល់ ៧៥ភាគរយ។ ចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ ដែលអាចនឹងដាក់ឱ្យដំណើរការចុងខែតុលា ឬ នៅដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឱ្យដឹងទៀតថា បើទោះបីការបើកដំណើរការសាលារៀន ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ នៅតាមសាលានីមួយៗ នៅតែប្រកាន់ខ្ជាប់នូវ គោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ អំពីវិធាននានា រួមទាំងវិធានការសុខាភិបាល ដើម្បីគ្រឹះស្ថានសិក្សាអាចរៀបចំ និង ត្រៀមលក្ខណៈដំណើរការការបង្រៀននិងរៀនឡើងវិញ ក៏ដូចជាការបន្តអភិវឌ្ឍន៍គ្រឹះស្ថានសិក្សានីមួយៗឱ្យមាននិរន្តរភាព ធានាបាននូវសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និងសិស្សានុសិស្សក្នុងបរិបទកូវីដ-១៩ និង ទៅអនាគត៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img