26 C
Phnom Penh
Saturday, July 27, 2024

ខេត្តកោះកុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចំនួនភ្ញៀវទេសចរទៅកម្សាន្តធ្លាក់ចុះជិត៦០%

ស្តាប់អត្ថបទជាសំឡេង

កោះកុង៖ មន្ត្រីការិយាល័យ មន្ទីរទេសចរណ៍ខេត្តកោះកុង អះអាងថា ចំនួនភ្ញៀវទេសចរ ជាង ៥០% បានខកខានពុំបានមក ស្នាក់នៅនិងលេងកម្សាន្ត នៅតាមគោលដៅទេសចរណ៍ នានាទូទាំងខេត្ត ព្រោះតែខេត្តមួយនេះ ជួបវិបត្តិកូវីដ-១៩ បំប្លែងថ្មីដែលតា នៅតំបន់មួយចំនួន នៅពុំទាន់ថមថយ។

ទន្ទឹមនឹងការជួបវិបត្តិកូវីដ-១៩ បំប្លែងថ្មីដែលតា ដែលកំពុងស្ថិតក្នុងក្តីបារម្ភ ហើយពលរដ្ឋមួយចំនួនធំក៏ពុំហ៊ានចេញដំណើរឆ្ងាយពីផ្ទះ គ្រាដែលគេសង្កេតឃើញនៅតាមទីតាំងវត្តអារាមនានា ត្រូវបានអាជ្ញាធរមូលដ្ឋានរឹតបន្តឹងលើវិធានការសុវត្ថិភាព សុខាភិបាល ដល់ពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ ដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងលេងកម្សាន្តក្នុងទីវត្តអារាម ដោយការអនុវត្តវិធានការនេះ ធ្វើឡើងតាមការដាក់ចេញពីប្រមុខថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ដោយតម្រូវមិនឱ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៀតពីមេរោគបំប្លែងថ្មីនេះ។

បើតាមសេចក្តីរាយការណ៍ពីមន្ត្រី ការិយាល័យ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃម្សិលមិញនេះថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃនេះ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ  មកស្នាក់នៅ និងលេងកម្សាន្ត តាមរមណីយដ្ឋាន ក្នុងខេត្ត មានចំនួនសរុប ប្រមាណ១១.២៤៨នាក់ ថយចុះប្រមាណ ៥៧% បើធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំកន្លងមក។ ចំណែកឯភ្ញៀវទេសចរ តាមសហគមន៍ទេសចរណ៍វិញ មានត្រឹមតែ១.៨០៩នាក់ ប៉ុណ្ណោះ ហើយថាតួលេខនេះ នៅតែថមថយជាងឆ្នាំកន្លងមុនៗដដែល។

ទាក់ទិននឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃនេះ ក្រុមការងារ តាមដានកិច្ចការទេសចរ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង អះអាងពីមូលហេតុថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ យ៉ាងគំហុកនេះ បណ្តាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩  ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ២០២១។

ទោះជាបែបក្តី លោក សុខ ចន្ទគ្រឹស្នា ដែលជាប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង នៅតែបន្តជំរុញ និងលើកទឹកចិត្ត ដល់ម្ចាស់អាជីវកម្ម សេវាកម្ម តាមរមណីយដ្ឋាន អាហារដ្ឋាន នានាទូទាំងខេត្ត ចូលរួមគោរពតាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរ និងអាជ្ញាធរខេត្ត លើការធ្វើអានាម័យតាមគេហដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ ឱ្យមានភាពស្អាតល្អ ដើម្បីសុខមាលភាពយើងទាំងអស់គ្នា៕

 អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img