កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្រេចបើកសាលារៀនឡើងវិញចាប់ពីកម្រិតបឋមរហូតដល់វិទ្យាល័យ នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ខណៈក្នុងខេត្តកណ្ដាលទាំងមូលថ្នាក់វិទ្យាល័យអាចបើកបានប្រមាណ៩៧% និងថ្នាក់បឋមសិក្សានឹងបើកប្រមាណ៧៣%។
នេះការបញ្ជាក់របស់លោក គង់ សោភ័ណ្ឌក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែសីហា នៅល្ងាចថ្ងៃទី១០ ខែកញ្ញានេះតាមប្រព័ន្ធអនឡាញ ជាមួយនឹងមន្ត្រីពាក់ព័ន្ធ។
អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ក្នុងនោះសាលាបឋមសិក្សាសរុបទូទាំងខេត្តចំនួន ៣៧៣ សាលា អាចបើកឱ្យចូលរៀនវិញបានចំនួន២៧១សាលា ស្មើនឹង៧៣% និងអនុវិទ្យាល័យសរុប១០១សាលា អាចបើកឱ្យចូលរៀនវិញបានចំនួន៩៥សាលា ស្មើនឹង៩៥% ចំណែកថ្នាក់វិទ្យាល័យសរុប៣៩សាលា អាចបើកឱ្យចូលរៀនវិញបានចំនួន៣៨សាលា ស្មើនឹង៩៧%។
លោកបានបញ្ជាក់បន្ថែមថា ការបើកសាលារៀនឡើងវិញនេះគឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់បានប្រជុំពិភាក្សាគ្នា និងវាយតម្លៃតាមគោលដៅផ្ទាល់ ដើម្បីជ្រើសរើសយកតំបន់ដែលមានហានិភ័យទាបពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងក្រុង-ស្រុកទាំង១១ របស់ខេត្ត ដើម្បីបើកសាលារៀនឡើងវិញ សំដៅពង្រឹងសមត្ថភាពរបស់សិស្សានុសិស្សដែលមិនបានរៀនផ្ទាល់នៅសាលាកន្លងទៅនេះ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News