ស្តាប់អត្ថបទជាសំឡេង
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានដឹកនាំមន្ទីរជំនាញចុះពិនិត្យស្ថានភាពទឹកនៅតាមអាង និងតំបន់មួយចំនួន ស្ថិតក្នុងស្រុកសំរោងទង និងស្រុកគងពិសី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដែលចេះតែធ្លាក់មកជាបន្តបន្ទាប់ ខណៈដំណាំស្រូវរបស់ប្រជាកសិករជិតប្រមូលផលទៅហើយនោះ។

លោក វ៉ី សំណាង បានឱ្យដឹងថា ទំនប់ជណ្ដើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង និងទំនប់ស្វាយ ស្ថិតក្នុងឃុំស្រង់ និងទំនប់អូរត្រែង ក្នុងឃុំជង្រុក ស្រុកគងពិសី ជាអាងស្តុកទឹកមួយយ៉ាងធំ សម្រាប់ចែកចាយស្រោចស្រពដំណាំគ្រប់ប្រភេទ រួមទាំងដំណាំស្រូវផងដែរ។ ប្រជាកសិករតែងតែរំពឹងទឹកក្នុងទំនប់ទាំងបីនេះនៅរដូវរាំងស្ងួត ដើម្បីស្រោចស្រព ហើយកាលពីឆ្នាំកន្លងមក ពោលគឺ នៅដំណាច់ខែតុលា ទំនប់ទាំងបីនេះ ក៏មិនបានបង្កឱ្យមានហានិភ័យ ឬបង្កការជនលិចបំផ្លាញផលដំណាំរបស់កសិករនោះទេ តែដំណាំដែលរងការខូចខាត និងលិចលង់លំនៅដ្ឋាន បង្កឡើងពីជំនន់ទឹកភ្លៀងដែលបន្តធ្លាក់រៀងរាល់ថ្ងៃធ្វើឱ្យទីទំនាបមួយចំនួនរងការជនលិច។ ក្នុងអំឡុងខែតុលានេះ នាឆ្នាំកន្លងមក អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធកំពុងតែចុះជួយអន្តរាគមន៍ និងសង្គ្រោះពលរដ្ឋចេញពីតំបន់លិចលង់។

ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់លោកអភិបាលខេត្តនេះ បើតាមការអះអាងរបស់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពងស្ពឺ បានឱ្យដឹងថា ស្ថានភាពទឹកក្នុងទំនប់មកទល់ថ្ងៃនេះ ស្ថានភាពទឹកថ្វីត្បិតច្រើនបន្តិច តែមិនស្ថិតក្នុងភាពប្រកាសអាសន្ន ឬប្រុងជើងការនោះទេ។ ប្រសិនជាមានភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃបន្តបន្ទាប់ខាងមុខទៀតក៏មិនមានហានិភ័យនោះដែរ៕




អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន