30 C
Phnom Penh
Tuesday, October 8, 2024

ក្រោយជម្លៀសអាជីវករមួយចំនួនទៅលក់ដូរកន្លែងថ្មី ដោយសារបញ្ហាឆ្លងជំងឺកូវីដ-១៩ ពេលនេះត្រូវរើមក លក់ដូរនៅកន្លែងដើមវិញហើយ

ស្តាប់អត្ថបទជាសំឡេង

ខេត្តប៉ៃលិន ៖ អាជីវករផ្សារសាមគ្គី ហៅប៉ាហ៊ី និងផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន ដែលរដ្ឋបាលក្រុងប៉ៃប៉ៃលិន បានជម្លៀសឱ្យទៅលក់ដូរនៅកន្លែងថ្មី ជាបណ្តោះអាសន្ន ត្រង់ចំណុចដីមានម្ចាស់ឈ្មោះ សាចំរើន ហៅអឿង ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន អស់រយ:ពេលជិត២ខែ ដោយសារតែបញ្ហាការឆ្លងជំងឺកូវីដ-១៩ នៅក្នុងផ្សារនេះ ។ ទើបរហូតមកដល់ព្រឹកថ្ងៃទី០៥  ខែតុលា ឆ្នាំ២០២១ អាជីវករទាំងអស់នោះ បានរដ្ឋបាលក្រុងអនុញ្ញាតឱ្យនាំគ្នារើឥវ៉ាន់ ចូលទៅដាក់លក់ដូរនៅកន្លែងដើមវិញហើយ ក្រោយពីពួកគាត់ បានរៀបចំបោសសំអាតតូប ឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ ។ 

អាជីវករម្នាក់ ឈ្មោះ សុខា តំណាងឱ្យអាជីវករទាំងអស់ខាងលើ បានរៀបរាប់ឱ្យដឹងថា៖ ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋបាលក្រុងប៉ៃលិន បានអនុញ្ញាតឱ្យចូលទៅលក់ដូរនៅក្នុងផ្សារសាមគ្គី និងផ្សារថ្មីប៉ាហ៊ីជើង ក្រោយពីបានរៀបចំសណ្តាប់ធ្នាប់ឱ្យល្អជាងមុន និងធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងអនុវត្តតាមវិ ធានការនានារបស់ក្រសួងសុខាភិបាល ដោយលាងដៃនឹងទឹកអាល់កុល ឬជែល ពាក់ម៉ាសជាប់ជានិច្ចពេលលក់ដូរ ដើម្បីទប់ស្កាត់ការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ 

គាត់បញ្ជាក់ទៀតថា ការលក់ដូរនៅកន្លែងថ្មី ពិតជាមានការលំបាកបន្តិច ដោយសារតែពេលភ្លៀងជោគជាំ បណ្តាលឱ្យផ្លូវចូលផ្សារ ក្លាយទៅជាដីភក់ លំបាកចេញចូល មិនសូវមានអាជីវករចូលទិញ ណាមួយគាត់បានបាត់ម៉ូយអស់ពាក់កណ្តាល ព្រោះអ្នកដែលធ្លាប់ទិញបន្លែ ត្រី សាច់ នៅតូបរបស់ខ្លួន បែកទៅទិញកន្លែងផ្សេងៗ។ ពួកគាត់ក៏សូមថ្លែងអំណរគុណដល់ខាងរដ្ឋបាលក្រុងប៉ៃលិន បានអនុញ្ញាតឱ្យពួកគាត់ចូលទៅរៀបចំលក់ដូរនៅកន្លែងដើមវិញ ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា៖ ក្រោយពីរដ្ឋបាលក្រុងប៉ៃលិន បានជម្លៀសអាជីវករមួយចំនួនទៅលក់ដូរនៅលើដីឯកជនមួយកន្លែង ក្នុងក្រុងប៉ៃលិន កាលពីជាង១ខែមុន រហូតមកដល់ពេលនេះ ដោយសារសភាពជំងឺកូវីដ ១៩ មានការថមថយ ធូរស្បើយឡើងវិញ ទើបខាងលោក បើកផ្សារសាមគ្គី និងផ្សារថ្មីប៉ាហ៊ីជើង ឱ្យអាជីវករចូលទៅលក់ដូរ តែក៏មិនភ្លេចអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img