ស្តាប់អត្ថបទជាសម្លេង
ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី គ្វាន់តាស (Qantas) បានប្រកាសថា បុគ្គលិករបស់ខ្លួនទាំងអស់ត្រូវតែចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនេះបានធ្វើឱ្យក្រុមហ៊ុនមួយនេះក្លាយជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងពិភពលោកដែលតម្រូវឲ្យបុគ្គលិករបស់ខ្លួនចាក់វ៉ាក់សាំងជាកំហិត។
បុគ្គលិកជួរមុខទាំងអស់ដែលរួមមានអាកាសយានិក, បុគ្គលិកបម្រេីការនៅលេីយន្តហោះ និងបុគ្គលិកបម្រេីការក្នុងអាកាសយានដ្ឋាន ត្រូវតែចាក់វ៉ាក់សាំងឲ្យបានពេញលេញនៅត្រឹមពាក់កណ្តាលខែវិច្ឆិកា។
ក្រុមហ៊ុនអាកាសចរណ៍នេះបានប្រកាសថា ចំណែកបុគ្គលិកនៅក្នុងផ្នែកផ្សេងទៀតមានពេលរហូតដល់ចុងខែមីនាឆ្នាំក្រោយដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូស។

ក្រុមហ៊ុន គ្វាន់តាស (Qantas) បានឲ្យដឹងថា ការស្ទង់មតិបុគ្គលិក ២ម៉ឺន២ពាន់នាក់របស់ខ្លួនបានរកឃើញថា ៨៩%នៃអ្នកឆ្លើយសំណួរបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ ឬគ្រោងនឹងចាក់វ៉ាក់សាំង ហើយប្រហែលបីភាគបួននៃពួកគេគិតថា បុគ្គលិកទាំងអស់គួរតែតម្រូវឲ្យចាក់វ៉ាក់សាំងជាកំហិត។
ការណ៍ដែលក្រុមហ៊ុនអាកាសចរណ៍នេះដាក់កំហិតឲ្យបុគ្គលិកខ្លួនចាក់វ៉ាក់សាំង បានកើតឡើងក្នុងគ្រាដែលរដ្ឋញូវសៅវែល (New South Wales) របស់អូស្ត្រាលីបានរាយការណ៍ពីការកើនឡើងខ្ពស់បំផុតនៃករណីឆ្លងវីរុសកូវីដ-១៩ ប្រចាំថ្ងៃ។
យោងតាមអភិបាលរដ្ឋនេះ មនុស្សចំនួន ៦៣៣នាក់បានធ្វេីតេស្តិវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃពុធនេះដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ជាងគេបំផុតចាប់តាំងពីមានការឆ្លងរាតត្បាតមក និងមនុស្ស ៣នាក់ថែមទៀតបានស្លាប់ដោយសារវីរុសនេះ៕



អត្ថបទ នឹងរូបភាព Puthi news