ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ ក្រុមហ៊ុនធ្វើអាមជីវកម្មរ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលមានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត (Renaissance Minerals Cambodia Ltd) បានចម្រាញ់រ៉ែមាសបានចំនួន ៤៦ដុំ ដែលស្មើនឹងប្រមាណ ៥២២គីឡូក្រាម ក្រោយដំណើរការបានរយៈពេល ៣ខែ បើគិតចាប់តាំងពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលនៅថ្ងៃនេះ។
លោក អ៊ឹង ឌីប៉ូឡា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតមកត្រឹមពេលនេះក្រុមហ៊ុន បានបំពេញ បែបបទតាមនីតិវិធីគយ និងបាននាំចេញដុំមាសចំនួន ៧ជើង ស្មើនឹងទំងន់ប្រមាណ ២៤៧គីឡូក្រាម ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេស អូស្ត្រាលី។
លោកបញ្ជាក់ថា ចំពោះតម្លៃមាសនៅក្នុងទីផ្សារអន្តរជាតិ មានការផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ តម្លៃនៅថ្ងៃទី២៤ កញ្ញានេះ គឺ ១៧៧៥,១៣ដុល្លារអាមេរិក ក្នុង ១អោន។ បើគិតជាគីឡូក្រាមស្មើនឹង ៥៥.២១៣,៦៤ដុល្លារអាមេរិក។ ចំណែកតម្លៃមាសនៅទីផ្សារក្នុងស្រុកអាចមានភាពខុសនេះបន្តិចបន្តួច។
ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ដូច្នេះក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
រោងចក្រនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១ ហើយជាមួយគ្នានោះក្រុមហ៊ុននេះ ក៏បានស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី១របស់ខ្លួនផងដែរ។
កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕
អត្ថបទ និងរូបភាពដោយ Puthinews