31 C
Phnom Penh
Sunday, October 6, 2024

ក្រុមហ៊ុនរុករកមាសរបស់អូស្ត្រាលី គ្រោងនឹងចុះរុករករ៉ែមាសមួយកន្លែងទៀតក្នុងខេត្តត្បូងឃ្មុំ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រុមហ៊ុនរបស់អូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត (Renaissance Minerals Cambodia Ltd) គ្រោងនឹងចុះរុករករ៉ែមាសមួយកន្លែងទៀតនៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីក្រុមហ៊ុននេះបានបើកការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងនៅកម្ពុជា ក្នុងខេត្តមណ្ឌលគិរី។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រុមហ៊ុននេះបានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ នៅក្នុងខែមករា ឆ្នាំ២០២១ ពីក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការសិក្សាស្រាវជ្រាវលោហៈនៅលើផ្ទៃដីទំហំ ១០៧,១០ គ.ម២ នៅតំបន់មេមត់ ដែលអាជ្ញាបណ្ណនេះ មានសុពលភាពរយៈពេល ៣ឆ្នាំ រហូតដល់ខែមករា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនបានចុះពិនិត្យទីតាំងនៃដែនអាជ្ញាប័ណ្ណរបស់ខ្លួន ដោយក្រុមការងារស្វែងរុករក និងក្រុមការងារបរិស្ថាន ព្រមទាំងបានជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំខ្លួន និងផ្សព្វផ្សាយអំពីផែនការសម្រាប់ការងារស្វែងរុករកនៅក្នុងតំបន់នោះ តែប៉ុណ្ណោះ។ ចំពោះទីតាំងគឺស្ថិតនៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកបានបន្តថា ដោយសារក្រុមហ៊ុននេះ ស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវនៅឡើយ ដូច្នេះក្រសួងនៅមិនទាន់អាចធ្វើការវាយតម្លៃពីទំហំបរិមាណរ៉ែមាស ដែលក្រុមហ៊ុនអាចធ្វើការទាញយកបាននៅឡើយទេ។ សូមបញ្ជាក់ផងដែរថា ដើម្បីកំណត់ពីបរិមាណស្តុកមួយឱ្យបានច្បាស់លាស់ គឺវាត្រូវការទាមទារនូវរយៈពេលសមត្ថភាពផ្នែកបច្ចេកទេស និងសមត្ថភាព ផ្នែកហិរញ្ញវត្ថុ។

ទោះជាយ៉ាងណាលោកថា មកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់បានចាប់ផ្តើមអនុវត្តន៍ការស្វែងរុករកនៅឡើយទេ ប៉ុន្តែក្រសួងរ៉ែ និងថាមពល តម្រូវឱ្យក្រុមហ៊ុនសិក្សា ស្រាវជ្រាវរ៉ែទាំងអស់មុននឹងធ្វើប្រតិបត្តិការនៅលើផ្ទៃដីដែនអាជ្ញាបណ្ណរបស់ខ្លួន បន្ទាប់មកត្រូវទទួលបានការឯកភាពជាផ្លូវការពីក្រសួងបរិស្ថានជាមុនសិនលើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)។

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់អូស្ត្រាលី បានចម្រាញ់រ៉ែមាសចំនួន ៤៦ដុំ ដែលស្មើនឹងប្រមាណ ៥២២គីឡូក្រាម។ ក្រុមហ៊ុននេះ បានបំពេញបែបបទតាមនីតិវិធីគយ និងបាននាំចេញដុំមាសចំនួន ៧ជើង ស្មើនឹងទំងន់ប្រមាណ ២៤៧គីឡូក្រាម ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រាលី៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img