ភ្នំពេញ៖ ក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន៤០ក្រុមហ៊ុន នឹងចូលរួមតាំងពិព័រណ៍ទេសចរណ៍ ក្នុងវេទិការទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ជាមួយនឹងចំនួនស្តង់លក់ទំនិញសរុប១៨៧ស្តង់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


តាមការគ្រោងទុកពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។


តាមក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប សារព័ត៌មានសរុបចំនួន២០ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន៣២២នាក់ មកពីប្រទេសចំនួន២៧។


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាន៍ថា “វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ”។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពី “ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន”។


លោករដ្ឋមន្ត្រីបានលើកឡើងថា ការងារត្រៀមរៀបចំទាំងនេះ គឺដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងអាចឆ្លើយតបបានគ្រប់ស្ថានការណ៍ ចៀសវាងមានបញ្ហាខ្វះចន្លោះរហូតដល់បាត់ម្ចាស់ការណ៍ដោយប្រការណាមួយ។ ម្យ៉ាងទៀត ក៏ដើម្បីជួយឱ្យថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកចូលរួមមានសុវត្ថិភាព ដែលអាចជំរុញឱ្យមានការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពផងដែរ។


ដើម្បីសម្រេចបានគោលដៅទាំងនេះត្រូវមានការរៀបចំកិច្ចការងារចាំបាច់ជាច្រើន ក្នុងនោះក៏នឹងមានការធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់ប្រតិភូអាស៊ាន និងអ្នកចូលរួមជាតិ-អន្តរជាតិទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននេះ ដោយនៅមុនពេលធ្វើដំណើរមកប្រទេសកម្ពុជា អ្នកចូលរួមទាំងអស់ត្រូវមានប័ណ្ណ ឬឯកសារបញ្ជាក់ថាបានទទួលការចាក់វ៉ាក់សាំង និងត្រូវធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុនធ្វើដំណើរមកដល់កម្ពុជា។


នៅពេលពួកគេមកដល់ប្រទេសកម្ពុជា ត្រូវទទួលការធ្វើតេស្តដោយមន្ត្រីសុខាភិបាលកម្ពុជានៅអាកាសយានដ្ឋាន។ ម្យ៉ាងទៀត នៅមុនពេលចូលក្នុងសណ្ឋាគារសុខាខេត្តព្រះសីហនុ ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននោះ ក៏ត្រូវទទួលការធ្វើតេស្តបន្តទៀតដែរ។ ត្រង់ចំណុចនេះ អង្គប្រជុំបានឯកភាពថា ប្រសិនបើមានអ្នកវិជ្ជមានកូវីដ-១៩ ក្រុមមន្ត្រីចំពោះកិច្ចនឹងបញ្ជូនឱ្យពួកគេទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រវាន់ ដែលមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ប៉ុន្តែប្រសិនធ្វើតេស្តនៅអាកាសយានដ្ឋានអន្តរជាតិកងកេង គឺត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅផ្នែកដាច់ដោយឡែកមួយនៅសណ្ឋាគារសុខាខេត្តព្រះសីហនុ។ អ្នកដែលធ្វើតេស្តអវិជ្ជមាននឹងទទួលបានប័ណ្ណបញ្ជាក់សម្រាប់ពាក់ជាប់តាមខ្លួន មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងរៀបចំកម្មវិធី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews