30 C
Phnom Penh
Saturday, July 27, 2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៣៤គម្រោង ដែលមានតម្លៃទុនវិនិយោគសរុបចំនួនជាង៣,៣ពាន់លានដុល្លារ ធ្លាក់ចុះជិត៥០% ក្នុងរយៈពេល៩ខែឆ្នាំនេះ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៣៤គម្រោង ដែលមានតម្លៃទុនវិនិយោគសរុបចំនួនជាង៣,៣ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំ ២០២១នេះ ពោលគឺបានធ្លាក់ចុះប្រមាណ៤៨,៤៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកាលនោះមានគម្រោងវិនិយោគចំនួន១៨៨គម្រោង ជាមួយតម្លៃទុនវិនិយោគសរុបជាង៦,៤ពាន់លានដុល្លារ។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ការអនុម័តគម្រោងវិនិយោគសរុបចំនួន១៣៤គម្រោងនេះ នឹងបង្កើតចំនួនការងារ ជូនប្រជាពលរដ្ឋបានចំនួន៨៥.៥៧២កន្លែង នៅពេលក្រុមហ៊ុនទាំងនេះដំណើរការអាជីវកម្មរបស់ខ្លួន។

ការធ្លាក់ចុះនូវចំនូនគម្រោងវិនិយោគ និងតម្លៃទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅពេលនេះ ដោយសារការរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល និងការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យវិនិយោគនិយោគិនអន្តរជាតិជាច្រើនមានការរុញរាចិត្តក្នុងការសម្រេចចិត្តវិនិយោគ និងរាំងស្ទះក្នុងការធ្វើដំណើររបស់ពួកគេមកកាន់ប្រទេស កម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅពេលដែលមានការបិទជើងហើរ និងតម្រូវឱ្យធ្វើចត្តាឡីស័ក។

CDC បន្តថា ក្នុងចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុបទុនវិនិយោគ១,៤ពាន់លានដុល្លារ និងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុបទុនវិនិយោគ១,៩ពាន់លានដុល្លារ។

សម្រាប់វិស័យដែលវិនិយោគរួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន១២គម្រោង ឧស្សាហកម្ម មានចំនួន ១១១ គម្រោង ទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន០៩គម្រោង។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នៅឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន២៣៨គ្រោង សរុបទុនវិនិយោគចំនួនជាង៨២៥០លានដុល្លារ ធ្លាក់ចុះ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន៣១៥គម្រោង ទុនវិនិយោគ៩៣៩៧លានដុល្លារ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img