ស្តាប់អត្ថបទជាសម្លេង
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមតាលីបង់កំពុងរៀបចំដើម្បីប្រកាសរដ្ឋាភិបាលថ្មីរបស់ពួកគេ ខណៈដែលសេដ្ឋកិច្ចបានខិតទៅរកមាត់ជ្រោះនៃការដួលរលំក្នុងរយៈពេលជាង២សប្តាហ៍បន្ទាប់ពីពួកគេដណ្តើមបានរដ្ឋធានីកាប៊ុលនិងបញ្ចប់សង្គ្រាមដែលកើតឡើងរយៈពេល២០ឆ្នាំមកនេះ។
មន្ត្រីតាលីបង់ម្នាក់បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពិធីប្រកាសបង្កើតរដ្ឋាភិបាលកំពុងត្រូវបានរៀបចំនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងកាប៊ុល ខណៈដែលទូរទស្សន៍ឯកជនដ៏ធំមួយនៅអាហ្វហ្គានីស្ថានបាននិយាយថា ការប្រកាសបង្កើតរដ្ឋាភិបាលថ្មីខិតជិតមកដល់ហើយ។
កាលពីខែមុន មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមតាលីបង់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មេដឹកនាំកំពូលរបស់ពួកគេគឺលោក ហៃបាទូឡាស់ អាឃុនហ្សាដា (Haibatullah Akhundzada) ត្រូវបានគេរំពឹងថានឹងមានអំណាចខ្លាំងជាងគេនៅក្នុងរដ្ឋាភិបាល ហើយបន្ទាប់មកគឺប្រធានាធិបតី។
ក្រុមអ្នកវិភាគបាននិយាយថា ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាននៅក្នុងការយល់ឃើញរបស់ក្រុមវិនិយោគិននិងម្ចាស់ជំនួយអន្តរជាតិនឹងមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះដែលទំនងនឹងអាចដួលរលំបន្ទាប់ពីក្រុមតាលីបង់គ្រប់គ្រងអំណាចសាជាថ្មី។
ចាប់តាំងពីដណ្តើមបានអំណាចកាលពីខែមុនមក ក្រុមតាលីបង់បានអំពាវនាវឲ្យបណ្តាប្រទេសនៅទូទាំងពិភពលោករក្សាចំណងមិត្តភាពការទូតដោយសន្យាការពារសិទ្ធិមនុស្សនិងបញ្ឈប់ការសងសឹកទៅលើសត្រូវចាស់ៗ។
ប៉ុន្តសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតនៅមិនទាន់ទុកចិត្តលើការអះអាងបែបនោះទេដោយនិយាយថា ការទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីជាផ្លូវការគឺអាស្រ័យទៅលើទង្វើជាក់ស្តែងរបស់ក្រុមតាលីបង់។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់គេជាផ្លូវការកាលពីពាក់កណ្តាលយប់ថ្ងៃចន្ទម៉ោងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលបេសកកម្មនោះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕
អត្ថបទ និងរូបភាពដោយ៖ Puthinews