26 C
Phnom Penh
Saturday, July 27, 2024

ក្រុមតាលីបង់បង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីដោយតែងតាំងលោក Mullah Mohammad Hassan Akhund ជានាយករដ្ឋមន្ត្រី

ស្តាប់អត្ថបទជាសម្លេង

កាលពីថ្ងៃអង្គារ ក្រុមតាលីបង់បានប្រកាសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយប្រកាសថាជា « អ៊ីស្លាមអេមីរ៉ាត» ។

គណៈរដ្ឋមន្ត្រីថ្មីដែលជាបុរសទាំងអស់នោះរួមបញ្ចូលទាំងក្រុមឥស្សរជនជាន់ខ្ពស់នៃក្រុមតាលីបង់ដែលមួយចំនួនល្បីឈ្មោះនៅក្នុងការវាយប្រហារទៅលើកងកម្លាំងអាមេរិកក្នុងរយៈពេល២ទសវតរ្ស៍ចុងក្រោយនេះ។

រដ្ឋាភិបាលថ្មីនោះនឹងត្រូវបានដឹកនាំលោក មូឡាស់ ម៉ូហាមេដ ហាសាន់ អាខាន់ (Mullah Mohammad Hassan Akhund) ជាស្ថាបនិកម្នាក់នៃក្រុមតាលីបង់ដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ។

រីឯរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោក ស៊ីរ៉ាជូឌីន ហាក់កានី (Sirajuddin Haqqani) ជាមេដឹកនាំក្រុមសកម្មប្រយុទ្ធហាក់កានី (Haqqani) ដែលកំពុងត្រូវបានទីភ្នាក់ងារ FBI របស់អាមេរិកតាមចាប់ខ្លួន។

ក្រុមតាលីបង់ដណ្តើមបានគ្រប់គ្រងតំបន់ភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថានកាលពីជាង៣សប្តាហ៍មុន និងប្រកាសថាបានគ្រប់គ្រងប្រទេសទាំងមូលកាលពីថ្ងៃអង្គារបន្ទាប់ពីដណ្តើមបានខេត្ដ ផានសៀ (Panjshir) ដែលជាបន្ទាយចុងក្រោយរបស់ក្រុមតស៊ូប្រដាប់អាវុធ។

ការប្រកាសបង្កើតគណៈរដ្ឋមន្ត្រីស្តីទីនេះ គឺជាជំហានសំខាន់នៅក្នុងការបង្កើតរដ្ឋាភិបាលតាលីបង់អចិន្ត្រៃយ៍។ ហើយរដ្ឋាភិបាលថ្មីនេះនឹងត្រូវប្រឈមមុខនឹងបញ្ហាសំខាន់ៗជាពិសេសគឺធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព និងទទួលបានការទទួលស្គាល់ពីអន្តរជាតិ។

សូមរម្លឹកថា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១, ក្មេងស្រីនិងស្ត្រីមិនអាចចូលរៀននិងធ្វើការបានឡើយ។ ពួកគេនឹងវាយអ្នកណាដែលបំពានច្បាប់នេះ ហើយការប្រហារជីវិតជាសាធារណៈក៏ត្រូវបានអនុវត្តផងដែរ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img