30 C
Phnom Penh
Saturday, July 27, 2024

ក្រុមការងារមនុស្សធម៌នៃក្រុមហ៊ុន ប៊ីអេស ៤១ ចែកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងឱកាសចូលឆ្នាំថ្មី

ព្រៃវែង៖ ក្រុមការងារមនុស្សធម៌នៃក្រុមហ៊ុន ប៊ីអេស ៤១ (BS 41 Co., Ltd.) នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណចក្រកម្ពុជាមកចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាក រស់នៅក្នុងភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ពិធីប្រគល់អំណោយជូនជនជួបការលំបាកនេះ ធ្វើឡើងនៅសាលាឃុំជើងម្តុំ សម្រាប់១០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករមួយបេ និងថវិកាចំនួន២០០០០រៀល រួមទាំងគ្រឿងឧបភោគបរិភាគមួយចំនួនទៀត។

លោក ឈុនពុធ គុន មេឃុំជើងភ្នំ បានមានប្រសាសន៍ថា អំណោយនេះ គឺកើតចេញពីការយកចិត្តទុកដាក់ឈឺឆ្អាលដល់ប្រជាពលរដ្ឋខ្មែរមានវ័យចាស់ជរា និងស្រ្តីមេម៉ាយ ដែលកំពុងជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ 

លោកមេឃុំបានមានប្រសាសន៍ដូច្នេះថា «ទោះបីជាតិចតួចក្តី តែនេះជាអំណោយដ៏ថ្លៃថ្លា ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងកើតចេញពីទឹកចិត្តរបស់គណបក្សប្រជាជនកម្ពុជា»។

ក្នុងឱកាសនេះដែរ លោកបានណែនាំក្រើនរំឭកដល់អ្នកទទួលអំណោយគ្រប់រូប ឲ្យយកថវិកានេះទៅប្រើប្រាស់សម្រាប់ថ្ងៃចូលឆ្នាំថ្មីប្រណីខ្មែរ-មហាសង្ក្រាន្ត ឆ្នាំរោង ឆស័ក ព.ស២៥៥៦៨ ដែលចូលមកដល់វេលាម៉ោង២២និង១៧នាទី នារាត្រីថ្ងៃសៅរ ប្រាំកើត ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។

លោក ឈុនពុធ គុន បានប្រសាសន៍ចំៗថា «សូមបងប្អូនមេត្តាយកថវិកាដ៏ស្តួចស្តើងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ ដោយមិនត្រូវទៅចាក់ឆ្នោត ចាក់កន្ទុយលេខ ឬចាក់ឡូតូឡើយ។ សូមចាយវាយសម្រាប់ថ្ងៃចូលឆ្នាំ»។

ចំណែកលោក នួន សុថា ប្រធានក្រុមការងារមនុស្សធម៌របស់ក្រុមហ៊ុន ប៊ីអេស ៤១ បានប្រសាសន៍សំណេះសំណាល និងជូនពរដល់ប្រជាពលរដ្ឋទាំង១០គ្រួសារនេះថា អំណោយនេះកើតចេញពីសេចក្តីគោរពស្រលាញ់ និងអាណិតអាសូរពីថ្នាក់ដឹកជាតិ ក៏ជាថ្នាក់ដឹកនាំក្រុមហ៊ុន ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា។

លោកបានប្រសាសន៍ថា «នេះជាទឹកចិត្តគោរពស្រលាញ់ពីក្រុមការងារគណបក្សប្រជាជនចំពោះប្អូន។ សូមបងប្អូនពូមីង ប្រើប្រាស់នេះសម្រាប់ចូលឆ្នាំថ្មី»។

ដោយយល់ពីទឹកចិត្តរបស់ថ្នាក់នាំរាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តក្រុមការងារមនុស្សធម៌នេះ អ្នកទទួលបានអំណោចនេះ បានសម្តែងទឹកចិត្តសប្បាយរីករាយ និងជូនពរដល់ម្ចាស់ទាន ឲ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើន ទៅណាមកណា ឲ្យមានគេគោរពស្រលាញ់៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img