28 C
Phnom Penh
Thursday, December 12, 2024

ក្រុមការងារប្រមូលទិញផ្លែមៀន នឹងចុះដល់សហគមន៍

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់នៅចំពោះមុខកសិករដាំដំណាំតាង៉ែន ស្ថិតក្នុងភូមិសាស្ត្រស្រុកជាប់ព្រំដែននៃខេត្តបាត់ដំបង មានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន និងមួយផ្នែកទៀតមកពីខេត្តប៉ៃលិន និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ថា ក្រុមការងារប្រមូលទិញផ្លែមៀនរបស់សម្តេចតេជោ ហ៊ុន សែន នឹងចុះដល់សហគមន៍ ដើម្បីទិញផ្លែតាង៉ែនពីកសិករផ្ទាល់តែម្តង ។

ការប្រកាសអំពីទីផ្សារផ្លែមៀន (តាង៉ែន) ជូនកសិករនាពេលនេះ បានធ្វើឡើងក្នុងពេលដែលរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញកសិករដាំមៀន (តាង៉ែន) មកធ្វើការផ្សព្វផ្សាយអំពីដំណឹងល្អ ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទទួលទិញយកផ្លែមៀន (តាង៉ែន) ពីកសិករនៅតំបន់ព្រំដែន ខណៈពេលដល់រដូវកាលប្រមូលផលហើយបែរជាមិនមានទីផ្សារសម្រាប់នាំចេញទៅក្រៅប្រទេស ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ នៅប្រទេសជិតខាងកំពុងតែឆ្លងរាលដាលខ្លាំង ។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ការទទួលទិញផ្លែមៀន (តាង៉ែន)នេះមិនមែនយកទៅលក់បន្តយកផលចំណេញនោះឡើយ គឺសម្រាប់យកទៅចែកជូនដល់កងទ័ព និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្ត រាជធានី តែប៉ុណ្ណោះ  ។

លោកបានបញ្ជាក់ សម្រាប់ការប្រមូលទិញតាង៉ែន មិនទាន់បានកំណត់តម្លៃឱ្យបានច្បាស់លាស់នៅឡើយទេ ព្រោះស្ថិតនៅក្នុងការពិគ្រោះយោបល់នៅឡើយ តែទោះបីជាយ៉ាងណាក៏ដោយ គឺយើងអាចមានទីផ្សារមួយមកដល់ចម្ការផ្ទាល់ បើមិនបានផលចំណេញពេញលេញ តែក៏អាចជួយសម្រាលនូវការខាតបង់ថ្លៃដើមបានមួយផ្នែកណាមួយផងដែរ ។

លោក សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានសំណូមពរដល់ប្រជាកសិករទាំងអស់សូមមានការយោគយល់ដល់ក្រុមការងាទទួលទិញមៀន (តាង៉ែន) សូមកុំទាមទារយកតម្លៃខ្ពស់ពេក ព្រោះការទិញនេះមិនអាចទិញក្នុងតម្លៃទៅតាមតម្លៃដែលប្រជាកសិករចង់បាននោះទេ គឺគ្រាន់តែជួយកាត់បន្ថយការខាតថ្លៃដើមផលិតប៉ុណ្ណោះ ខណៈដែលទីផ្សារនាំចេញមិនមាន ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ តែក៏អាចជួយសម្រាលបានខ្លះ នៃការខាតថ្លៃដើមផលិត ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរ៉ា បានបញ្ជាក់ថា ខេត្តបាត់ដំបង មានផ្ទៃដីដាំដំណាំមៀនសរុប ៦ ៥៦៣ហ.ត ក្នុងនោះតាង៉ែន ៦ ០៥០ហ.ត ផ្ទៃដីប្រមូលផលបាន៥ ៤៩៨ហ.ត ក្នុងនោះតាង៉ែន ៥៣៦៧ហ.ត ទិន្នផលជាមធ្យម ១៥.៥៤តោន ក្នុងមួយហ.ត ហើយបរិមាណផលសរុបចំនួន៨៥ ៤៤៨តោន ក្នុងនោះតាង៉ែន ៨៤ ០០៧តោន ។

លោកបានបញ្ជាក់ថា ជាទូទៅមៀន(តាង៉ែន) ចាប់ផ្តើមប្រមូលផលចំនួន២លើក លើកទី១ចាប់ពីខែកុម្ភៈ ដល់ខែមីនា និងលើកទី២ ពីខែសីហា ដល់ខែតុលា សម្រាប់តាង៉ែន តម្លៃនៅចម្ការថ្លៃ២០០០៛ ក្នុងមួយគ.ក្រ 

មៀនក្រអូប តម្លៃនៅចម្ការ២៥០០៛ ក្នុងមួយគ.ក្រ តម្លៃក្រោយការវេចខ្ចប់នៅលើទីផ្សារ ថ្លៃ៣០០០៛ ក្នុងមួយគ.ក្រ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img