ក្រុមតាលីបង់បានវាយដណ្ដើមបានទីរួមខេត្តចំនួនបីបន្ថែមទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងគ្រាដែលពួកគេបន្តវាយប្រហាររុលទៅមុខដើម្បីដណ្ដើមគ្រប់គ្រងទឹកដីនៅក្នុងប្រទេសមួយនេះ។
ក្រុមតាលីបង់បានវាយដណ្តើមកាន់កាប់ទីក្រុងឃុនឌុស (Kunduz) ស្ថិតនៅភាគខាងជើងប្រទេសដែលជាទីក្រុងដ៏សំខាន់មួយកាលពីថ្ងៃអាទិត្យព្រមទាំងទីក្រុងសាអ៊ីភុល (Sar-e-Pul) និងតាឡូកាន (Taloqan)។
ការវាយដណ្ដើមបាននេះមានន័យថា ទីរួមខេត្តចំនួន ៥ ហើយដែលបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុមតាលីបង់ចាប់តាំងពីថ្ងៃសុក្រមក ដោយទីក្រុងឃុនឌុស (Kunduz) គឺជាទីក្រុងដ៏សំខាន់បំផុតដែលពួកគេវាយដណ្ដើមបាននៅឆ្នាំនេះ។
ទីក្រុងឃុនឌុស (Kunduz) ត្រូវបានតភ្ជាប់យ៉ាងល្អជាមួយតំបន់ផ្សេងៗទៀតរួមទាំងរដ្ឋធានីកាប៊ុល (Kabul) ផង។
អំពើហិង្សាបានកើនឡើងពាសពេញប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីអាមេរិក និងកងកម្លាំងអន្តរជាតិដទៃទៀតបានចាប់ផ្តើមដកកងទ័ពរបស់ពួកគេចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីបានធ្វើប្រតិបត្តិការយោធាអស់រយៈពេល ២០ឆ្នាំនៅទីនេះ។
ក្រុមសកម្មប្រយុទ្ធតាលីបង់បានធ្វើការវាយប្រហាររុលទៅមុខយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បន្ទាប់ពីបានវាយដណ្ដើមបានដែនដីមួយភាគធំនៅតាមតំបន់ជនបទ ឥឡូវនេះពួកគេកំពុងផ្តោតគោលដៅវាយដណ្ដើមទីប្រជុំជន និងទីក្រុងសំខាន់ៗថែមទៀត។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រកាសថា កងកម្លាំងរបស់ខ្លួនកំពុងប្រយុទ្ធដើម្បីដណ្តើមយកតំបន់សំខាន់ៗ មកវិញ៕
អត្ថបទ និងរូបភាព Puthi News