30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធដាក់ឱ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង សម្រាប់រយះពេល៥ឆ្នាំ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ សម្ពោធដាក់ឱ្យដំណើរការកម្មវិធីអន្ដរជាតិមួយ រវាងសាលាវិស្វកម្មធំចំនួនពីរគឺ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)និង ECAM LaSalle នៃប្រទេសបារាំង។ ក៏មានការចូលរួមផងដែរពីលោក Étienne Fabrice ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងលោក Didier DESPLANCHE អគ្គនោយកនៃសាលាវិស្វកម្ម ECAM LaSalle និងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ យើងក៏សង្កេតឃើញមានវត្តមានតំណាងក្រុមហ៊ុនឯកជនសំខាន់ៗមួយចំនួនផងដែរដូចជា៖ Legrand, Confluences, Seco Power, BDB Engineering, Comin Khmere, EuroCham, CCI France Cambodge។ល។ 

ECAM Engineering គឺជាកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង សម្រាប់រយះពេល៥ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែចំពោះកិច្ចសហការកម្មវិធីនេះជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រយៈពេលនៃការបណ្តុះបណ្តាលមានរយះពេល៦ឆ្នាំ ដើមី្បឱ្យស្របតាមបទដ្ឋានគុណវុឌ្ឍជាតិ ។ កម្មវិធីនេះមាន     ឯកទេសវិស្វកម្មចំនួន៥ ប៉ុន្តែសម្រាប់ការចាប់ផ្តើមសហការដំបូង កម្មវិធីបណ្តុះបណ្តាលមានតែ២ជំនាញធំៗ គឺ វិស្វកម្មឧស្សាហកម្ម និងមេកាត្រូនិក (ប្រព័ន្ធបញ្ជា)។

សម្រាប់វគ្គដំបូងដែលចាប់ផ្តើមនៅថ្ងៃទី១១ ខែតុលាឆ្នាំ ២០២១ យើងមាននិសិ្សតចំនួន១៦ នាក់ក្នុងនោះ មាន១២នាក់ជាជនជាតិខ្មែរ និង៤នាក់មកពីបរទេស។ នៅពេលបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានសញ្ញាបត្រពីរ មួយពីសាលាតិចណូ និងមួយទៀតពី ECAM LaSalle។

គួររំលឹកផងដែរថាគោលដៅចំបងនៃការបណ្តុះបណ្តាលនេះគឺផលិតកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើមី្បឱ្យពួកគាត់អាចមានឪកាសការងារ មិនត្រឹកតែនៅក្នុងប្រទេសកម្ពុជា តែថែមទាំងនៅបរទេសផងដែរ ជាពិសេសក្នុងសករាជបដិវត្តន៍ឧស្សាហកម្ម៤.០។ យើងពិតជាមានសុទិដ្ឋិនិយមថា ធនធានមនុស្សទាំងនេះពិតជាកំលាំងចលករយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពស្របតាមគោលនយោបាយចតុកោណយុទ្ធសាស្ត្រ ដំណាក់កាលទី៤ ដែលអាចនឹងនាំព្រះរាជាណាចក្រទៅជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

សូមបញ្ជាក់ថា កម្មវិធីនេះរៀនជាភាសារអង់គ្លេស និងបំពេញក្រេឌីតជាភាសាបារាំង។  សញ្ញាបត្រ double degree ចេញដោយតិចណូ និង ECAM Lasalle ប្រទេសបារាំង និងមានតម្លៃស្មើដូចរៀននៅស្រុកបារាំងដែរ។  កម្មវិធីនេះបានទទួលស្គាល់ និងអនុញ្ញតិដោយក្រសួងអប់រំបារាំង  និងក្រសួងអប់រំកម្ពុជា។ នេះជាឱកាសល្អដោយមិនចាំបាច់ទៅស្រុកបារាំង  ក្នុងកាលៈទេសៈដែលកូវីដកំពុងតែរំខាន។  សិស្ស Lycée Décarte នឹងមានឱកាសបានចូលរៀននៅទីនេះ។

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img