ភ្នំពេះ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី (Tina Redshaw) ទីណា រ៉េតសូ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងបានចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធីរវាងអង្គការ Care for Children ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារនិងកិច្ចការពារជាពិសេស សម្រាប់កុមារ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវវិធានការជាច្រើន រួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន។ ពិធីនេះប្រារព្វឡើងនៅទីស្តីការក្រសួងសង្គមកិច្ចនាព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។


ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វង សូត បានជម្រាបជូន លោកស្រី ឯកអគ្គរាជទូតអង់គ្លេសថា
ក្រសួងដែលមាននាយកដ្ឋានសុខុមាលភាពកុមារ ជាសេនាធិការបានចូលរួមអនុវត្តផែនការយុទ្ធសុទ្ធសាស្ត និងកម្មវិធីពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារនៅកម្ពុជា នាពេលកន្លងមក សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយគ្នានេះ ក្រសួងសង្គម
បានអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងបទដ្ឋានអប្បបរមាស្តីពីការថែទាំ ជំនួស និងរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈ មណ្ឌលរបស់រដ្ឋ ដោយបានដំឡើងប្រាក់ម្ហូបអាហារពី៤៥០០០៛/ខែ ទៅ១៥០.០០០៛/ខែ និងលិខិតបទដ្ឋាន គតិយុត្តផ្សេងៗទៀត។ទន្ទឹមនឹងនេះ ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃ ការគ្រប់គ្រងទិន្នន័យ ក្រសួងបានបង្កើតប្រព័ន្នន័យអធិការកិច្ចកន្លែងថែទាំកុមារ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (ឌីជីថល) និងបង្កើតប្រព័ន្ធគ្រប់គ្រងករណីកុមារតាមប្រព័ន្ធបច្ចេកវិទ្យា Primero ដោយបានបណ្តុះបណ្តាលយ៉ាងទូលាយទូលាយ ដល់មន្ត្រីទទួលបន្ទុកនៅតាមមន្ទីរសង្គមកិច្ចរាជធានី ខេត្ត។


លោកស្រី (Tina Redshaw) ទីណា រ៉េតសូ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ដែលបានសហការគាំទ្រនាពេលកន្លងមក។ លោកជំទាវ បន្តថា ពិតជារីករាយដែលបានធ្វើការងារដើម្បីប្រយោជន៍របស់កុមារ។ ជាមួយគ្នានេះលោកជំទាវក៏បានជម្រាបទៅរដ្ឋមន្ត្រីចក្រភពអង់គ្លេស ដែលបានមកបំពេញទស្សនកិច្ចនាពេលកន្លងមកថា និងមានការរៀបចំពិធីចុះហត្ថលេខារវាងអង្គការ Care For Children និងក្រសួងសង្គមកិច្ចនាពេលនេះផងដែរ។


សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាងក្រសួងសង្គមកិច្ចនិងអង្គការ Care For Children នេះនឹងបន្តពង្រឹងប្រព័ន្ធថែទាំកុមារ និងគុណភាពសេវាកិច្ចការពារកុមារ ផ្តុំលើការបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធទិន្នន័យថ្នាក់ជាតិដើម្បីគ្រប់គ្រងទិន្នន័យកុមាររងគ្រោះ និងងាយរងគ្រោះការលើកកម្ពស់សមត្ថភាព និងគុណភាពនៃការគ្រប់គ្រងមណ្ឌលថែទាំកុមារ ដោយផ្តោតលើគុណ ភាពសេវាការគ្រប់គ្រងករណី ការធ្វើអធិការកិច្ចកន្លែង ឬមណ្ឌលថែទាំកុមារ និងការថែទាំកុមារតាមសហគមន៍ ឱ្យស្របតាមគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីការថែទាំចំពោះកុមារ៕
















អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews