29 C
Phnom Penh
Saturday, November 30, 2024

ក្រសួងកិច្ចការនារី៖ កងកម្លាំងនារីក្លាហានកម្ពុជា ត្រៀមខ្លួនចូលរួមក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែតុលាខាងមុខ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ ៖ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី បានបន្តជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ កងកម្លាំងនារីកម្ពុជា ទាំងនារី ដែលបានបញ្ចប់បេសកកម្ម ដោយជោគជ័យ និងនារីដែលកំពុងបំពេញបេសកកម្ម ថែរក្សាសន្តិភាពពិភពលោក នៅប្រទេសតាលីបង់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកិច្ចការនារី ចេញផ្សាយនៅរាត្រីថ្ងៃទី២៣ ខែសីហា បានឱ្យដឹងថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងតម្រង់ទិស កងកម្លាំងនារីក្លាហានកម្ពុជា ក្នុងការត្រៀមខ្លួន ចូលរួមក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ (ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២១) ដើម្បីចែករំលែកពីបទពិសោធន៍ល្អ បញ្ហាប្រឈមក្នុងអំឡុងពេលបេសកកម្ម ជាពិសេសចែករំលែកនូវវីរភាពរបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ និងប្រទេសកំណើត ដើម្បីបុព្វហេតុសន្តិភាពទូទាំងពិភពលោក ហើយវីរៈភាពនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ ដើម្បីរួមចំណែកជំរុញឱ្យស្រ្តី និងក្មេងស្រីកម្ពុជាផ្សេងទៀត មានភាពក្លាហានដើម្បីស្ម័គ្រចិត្ត ចូលរួមជាស្រ្តីមួកខៀវ សំដៅលើកកម្ពស់កិត្យានុភាព និងមោទកភាពជាតិ។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០០៦ មកត្រឹមឆ្នាំ២០២០ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៧១២៣នាក់ ក្នុងនោះមានកម្លាំងនារី ចំនួន៤១៩នាក់ ទៅចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន លើជំនាញបោសសម្អាតមីន កម្ទេចគ្រឿងផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកំរិត២ វិស្វកម្មសំណង់ផ្តេក-សំណង់បញ្ឈរ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ 

ចំពោះការបញ្ជូនកម្លាំងជានារី ផ្នែកនាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទទួលបាន១៧.២% លើសពីការកំណត់របស់ អង្គការសហប្រជាជាតិ ដែលបានកំណត់ត្រឹម១៥% នាឆ្នាំ២០១៨។ ហើយបច្ចុប្បន្ននេះ តាមការវាយតម្លៃចុងក្រោយពី អង្គការសហប្រជាជាតិ នារីមួកខៀវកម្ពុជា បន្តរក្សាចំណាក់ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ានទាំង១០ប្រទេស។ ទន្ទឹមនឹងនេះ កងទ័ពកម្ពុជានៅបន្តរក្សាកេរ្តិ៍តំណែល ជាប្រទេសដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការជួញដូរផ្លូវភេទ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img