ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានជូនដំណឹងអំពី ទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ នៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទំនាក់ទំនងទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន។
យោងតាមសេចក្តីជូនដំណឹងរបស់ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីជ-១៩ ក្រសួងការពារជាតិបានឱ្យដឹងថា សម្រាប់ពលរដ្ឋនៅតាមមូលដ្ឋានដែលបានចាក់វ៉ាក់សាំងដូសទី២រួចហើយ ត្រូវទំនាក់ទំនងជាមួយក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារនាយទាហាននៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដោយភ្ជាប់ជាមួយលិខិតចាក់វ៉ាក់សាំងកូវីដ-១៩ ផ្ទាល់ខ្លួន ដើម្បីទទួលយកប័ណ្ណចាក់ក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយឥតបង់ប្រាក់។
ក្នុងសេចក្តីជូនដំណឹងបន្តថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចហើយ ត្រូវទំនាក់ទំនងទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមការងារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារនាយទាហាននៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៧:៣០ ដល់ម៉ោង១១:០០នាទីព្រឹក និងរសៀលចាប់ម៉ោង១:៣០ ដល់ម៉ោង៥:០០នាទីល្ងាច និងតាមរយៈទូរស័ព្ទទំនាក់ទំនងនៅតាមមូលដ្ឋានខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ និងរូបភាពដោយ៖Puthinews