30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងការបរទេសជប៉ុន ទទួលស្គាល់ថាលោក គីស៉ីដា នឹងជួបលោក ហ្សេលេនស្គី នៅអ៊ុយក្រែន

(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះបានទទួលស្គាល់ថាលោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងត្រូវជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំឡុងការបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ នៅថ្ងៃអង្គារនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសជប៉ុនបានគូសបញ្ជាក់ឱ្យដឹងថា «លោក គីស៉ីដា នឹងផ្ដាំផ្ញើដោយផ្ទាល់ទៅកាន់លោក ហ្សេលេនស្គី ពីការគោរពដល់ ភាពក្លាហាន និងឆន្ទៈតស៊ូយ៉ាងមុះមុតរបស់ប្រជាជនអ៊ុយក្រែន ដែលបានក្រោកឈរឡើងដើម្បីការពារប្រទេសជាតិរបស់ខ្លួន នៅក្រោមការដឹកនាំរបស់លោក ហ្សេលេនស្គី»។ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក គីស៉ីដា ក៏នឹងបង្ហាញផងដែរពីសាមគ្គីភាព និងការគាំទ្រឥតងាករេរបស់ជប៉ុន និងក្រុមប្រទេស G7 ចំពោះអ៊ុយក្រែន។

គួរបញ្ជាក់ថា ការទទួលស្គាល់របស់ក្រសួងការបរទេសជប៉ុន ធ្វើឡើងក្រោយទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន Kyodo នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២១ ខែមីនានេះ មួយថ្ងៃបន្ទាប់ពីលោកបាន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងញូវដេលី។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីជប៉ុនដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយនេះគឺជារឿងដ៏កម្រមួយ ដែលមេដឹកនាំជប៉ុនបំពេញទស្សនកិច្ចនៅក្រៅប្រទេសដោយមិនបានប្រកាសឱ្យដឹងជាមុន៕

ដោយ៖ Puthinews  

Puthinews Android app: Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

អានបន្ត

spot_img