30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងការងារ ប្រាប់ឱ្យម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយ:ពេល៣ថ្ងៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ដល់ម្ចាស់រោងចក្រ សហគ្រាសឱ្យកម្មករ-កម្មការិនីបានឈប់សម្រាកដោយបានប្រាក់ឈ្នួលសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ រយ:ពេល៣ថ្ងៃ ហើយកម្មករធ្វើការក្នុងថ្ងៃឈប់សម្រាក់នេះបានទទួលនូវប្រាក់បន្ថែម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបតែទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងការងារ បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពី ការងារ និងប្រកាសលេខ៣៩៧/២០ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ដែលមានរយៈពេល៣(បី)ថ្ងៃ គឺថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិតក្នុងការរៀបចំ ឬផ្លាស់ប្តូរការឈប់សម្រាកនេះនៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។

ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណាដែលធ្វើអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណៈជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា ហើយរក្សាទុកបញ្ជីបែងចែកនោះជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

ក្រសួងការងារក៏បានធ្វើការអំពាវនាវដល់កម្មករនិយោជិតដែលឈប់សម្រាក ត្រូវអនុវត្តបានខ្ជាប់ខ្ជួនតាមស្មារតីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពី ការការពារ ការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងវិធានសុខាភិបាល ៣កុំ ៣ការពារ ផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img