ប៉ូលិសបាននិយាយនៅថ្ងៃពុធទី០១ខែកុម្ភៈថា កុមារចំនួន៤៩នាក់បានស្លាប់ នៅពេលទូកផ្ទុកលើសទម្ងន់ បានលិចនៅភាគពាយព្យប្រទេសប៉ាគីស្ថាន។
ក្មេងប្រុសទាំងអស់គឺមានអាយុចន្លោះពី៧ទៅ១៤ឆ្នាំ ហើយសុទ្ធតែជាសិស្សនៃសាលា Madrasah។ ពួកគេបានជួបហេតុការណ៍ដ៏អាក្រក់នេះ ខណៈជិះទូកទៅកាន់បឹង Tanda Dam។
សោកនាដកម្មនេះ កើតឡើងកាលពីថ្ងៃអាទិត្យទី២៩ខែមករា ហើយក្រុមមុជទឹក ត្រូវចំណាយពេល៣ថ្ងៃ ដើម្បីរកសាកសពក្មេងទាំងអស់។
លោក Khateer Ahmad មន្ត្រីជាន់ខ្ពស់នៃក្រុមជួយសង្គ្រោះ១១២២ បាននិយាយថា “ទឹកត្រជាក់ខ្លាំងដោយសារតែអាកាសធាតុ បានរារាំងបេសកកម្មជួយសង្គ្រោះ។ ប៉ុន្តែថ្ងៃនេះ អ្នកមុជទឹក អាចមុជបានជ្រៅដើម្បីស្រង់សាកសពដែលនៅសេសសល់”។ លោកបន្ថែមថា សាកសពគ្រូបង្រៀនម្នាក់ និងអ្នកបើកទូកម្នាក់ ក៏ត្រូវបានស្រង់ចេញពីទឹកដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៥១នាក់។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្ស៥នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងនោះមានសិស្ស៤នាក់ និងគ្រូបង្រៀនម្នាក់។
គួរបញ្ជាក់ថា បឹង Tanda Dam មានចម្ងាយប្រហែល៥គីឡូម៉ែត្រពីសាលា Madrasah ដែលជាសាលាឥស្លាម ផ្តល់ការអប់រំសាសនាដោយឥតគិតថ្លៃនៅតំបន់ Kohat ក្នុងខេត្ត Khyber Pakhtunkhwa។
ការលិចទូក តែងតែកើតមាននៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែទូកភាគច្រើន ចាស់ៗនិងផ្ទុកលើសទម្ងន់។ កាលពីខែកក្កដាឆ្នាំមុន ស្ត្រីយ៉ាងតិច១៨នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកផ្ទុកលើសចំណុះ បានលិចក្នុងអំឡុងពេលពិធីហែក្បួនអាពាហ៍ពិពាហ៍មួយ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News