30 C
Phnom Penh
Saturday, July 27, 2024

ក្មេងសេពគ្រឿងញៀន០៤នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យក្រោយព្រួតគ្នាប្រើអំពើហិង្សាលើយុវជនម្នាក់រងរបួសធ្ងន់

បន្ទាយមានជ័យ៖ ជនងសង្ស័យចំនួន០៤នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីពួកគេសេពគ្រឿងញៀន ហើយព្រួតគ្នាបង្កហិង្សាបណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ធ្ងរម្នាក់កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

ជនសង្ស័យទាំង០៤នាក់ ១. ឈ្មោះ វុត តុលា (ហៅអាតុ) ភេទប្រុស អាយុ១៦ឆ្នាំ, ២. ឈ្មោះ វិន តុងហួរ ភេទប្រុស អាយុ ១៧ឆ្នាំ, ៣. ឈ្មោះ ឡឹម សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ, និង៤. ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ១៥ឆ្នាំ។ ជនសង្ស័យទាំង០៤នាក់ រស់នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការមូលកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ គឺលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា យោងតាមម្តាយជនរងគ្រោះ ដែលបានដាក់ពាក្យបណ្តឹងបានរៀបរាប់ថា កូនរបស់គាត់(ជនរងគ្រោះ)ឈ្មោះ ចិន តើ បានសុំទៅលេងផ្ទះមិត្តភក្តិ បន្ទាប់មកនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ស្រាប់តែទទួលដំណឹងពីមិត្តភក្តិរបស់កូនថា កូនគាត់ត្រូវគេដេញកាប់រងរបួសដៃខាងស្តាំ ដឹកទៅកាន់មន្ទីរពេទ្យមិត្តភាព-ជប៉ុន ស្រុកមង្គលបូរីដើម្បីព្យាបាល។ ក្រោយពីទៅមើលកូននៅមន្ទីរពេទ្យរួចហើយ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

ក្រោយទទួលបានពាក្យបណ្ដឹងភា្លម លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតកាំបិតប៉័ងតោចំនួន០២ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំអំពីរឿងហេតុដែលកើតឡើង ព្រមទាំងធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនឃើញថា វិជ្ជមានទាំងអស់។

នៅពេលសួរនាំជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះឈ្មោះ ចិន តើ បណ្ដាលឱ្យរងរបួសដោយរយះដៃខាងស្ដាំពិតប្រាកដមែន ដោយពួកគេក៏បានប្រើប្រាស់គ្រឿងញៀនជារៀងរាល់ថ្ងៃ ហើយកម្លាំងក៏បញ្ជូនទៅជំនាញអាវុធហត្ថខេត្ត និងបន្តបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img