30 C
Phnom Penh
Saturday, July 27, 2024

ក្បួនដំរី៦៨ក្បាល បានធ្វើដំណើរទៅទីក្រុងបាងកក នគរសៀម ក្នុងបេសកកម្ម រំដោះព្រះញាតិវង្ស ព្រះបាទ នរោត្តម

ស្តាប់អត្ថបទជាសំឡេង

នៅចុងរាជព្រះបាទអង្គដួង ព្រះបាទនរោត្តម ដែលមានឈ្មោះក្រៅថា អង្គវត្តី ជាព្រះមហាឧបរាជ (The Second King) បានយាងមាតុភូមិនិវត្តន៍មកពីក្រុងបាងកកមកក្រុងឧត្តុង្គ។ នៅឆ្នាំ១៨៦០ អ្នកស្រាវជ្រាវជនជាតិបារាំង Henri Mouhot បានចូលគាល់ហ្លួងនរោត្តមនៅក្នុងព្រះរាជដំណាក់ក្នុងព្រះបរុមរាជវាំង ក្រុងឧត្តុង្គ។ លោកមូ ហត បានសរសេររៀបរាប់ដូច្នេះថា៖ ក្សត្រាវ័យក្មេង២៦ព្រះវស្សាអង្គនេះ ជារាជទាយាទដែលនឹងឡើងគ្រងរាជពីបន្តពីបិតាព្រះអង្គ។ ព្រះបិតាព្រះអង្គ (ព្រះបាទអង្គដួង) ឡើងគ្រងរាជដោយសារមហាក្សត្រសៀម (who owes his thrones to the King of Siam) និងត្រូវមហាក្សត្រសៀមហាមមិនឱ្យចាកចេញពីនគរខ្មែរឡើយ។ ដើម្បីធានាភក្តីភាពរបស់ព្រះបាទអង្គដួងចំពោះមហាក្សត្រសៀម បុត្រារបស់ព្រះអង្គមួយ ឬពីរអង្គត្រូវសៀមឃាំងទុកជាចំណាត់ខ្មាំងនៅសៀម។

ហេតុដូច្នេះហើយ ក្សត្រាវ័យក្មេងរូបនេះ ច្បាស់ជាគង់នៅធំដឹងក្តីនៅបាងកក ហើយសិក្សារៀនសូត្រពីការដឹកនាំស្រុកទេស (art of government) នៅទីនោះដោយឥតសង្ស័យឡើយ។ ព្រះអង្គត្រូវសៀមឃាំងទុកនៅស្រុកសៀម មិនឱ្យ យាងត្រឡប់មកនគរខ្មែរវិញលុះត្រាតែព្រះអង្គអាចបញ្ជាក់ពីព្រះទ័យស្មោះត្រង់ គោរព ព្រមចំណុះ និងបញ្ជូនសួយសារអាករទៅឱយរាជវង្សសៀម។

នៅពេលព្រះបាទអង្គដួងសោយទីវង្គតទៅ ព្រះបាទនរោត្តមក៏ឡើងគ្រងរាជបន្តពីព្រះបិតា ហើយក៏ស្ថិតនៅក្រោមគំនាមរបស់មហាក្សត្រសៀមដែរ។ មន្ត្រីយោធាបារាំងនានាដែលបានចូលមកគាល់ព្រះអង្គនៅក្រុងឧត្តុង្គ ដើម្បីពិភាគ្សារឿងសុំបារាំងធ្វើអាណាព្យាបាលនគរខ្មែរ ទាំងប៉ុន្មាន បានសរសេរថាមានមន្ត្រីសៀមជាច្រើននៅអមជុំវិញព្រះមហាក្សត្រ។

មិនខុសពីព្រះបិតាព្រះអង្គឡើយ ដើម្បីធានាភក្តីភាពព្រះបាទនរោត្តម មានព្រះអង្គម្ចាស់ និងព្រះនាងខ្មែរជាច្រើនអង្គដែលមហាក្សត្រសៀមឃាំងទុកនៅបាងកក។ នគរកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំងជាផ្លូវការនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៨៦៤។ នៅឆ្នាំ១៨៦៦ ព្រះបាទនរោត្តមបានលើករាជធាមកក្រុងភ្នំពេញ។ នៅចុងឆ្នាំ១៨៧០ រាជការបារាំងបានតែងតាំងលោក Jules Brossard De Corbigny ជាតំណាងបារាំងនៅកម្ពុជា។

ដើម្បីទទួលបានឯករាជ្យពេញលេញពីបាងកក ព្រះអង្គម្ចាស់ និងព្រះនាងខ្មែរដែលជាប់នៅបាងកកទាំងឡាយត្រូវតែដោះលែង។ លោក Jules Brossard De Corbigny ត្រូវតែងតាំងជាអ្នកដឹកនាំបេសកកម្មផ្លូវទូតស្វែងរក និងរំដោះព្រះញាត្តិវង្សទាំងឡាយនៅក្រុងបាងកក។ ក្បួនដំណើររបស់បេសកកម្មនេះបានចេញដំណើរពីក្រុងព្រៃនគរ ឬសាយហ្គននៅថ្ងៃទី០១ ខែមករា ឆ្នាំ១៨៧១ ដែលមានដំរី៦៨ក្បាល។ ទីបំផុត នគរទាំង២បានយល់ព្រមនឹងគ្នា។ នារដូវប្រាំង ឆ្នាំ១៨៧១ ព្រះបាទនរោត្តមបានបញ្ជូនក្បួនហែរ មានដំរីជាច្រើនក្បាលទៅកាន់ក្រុងបាងកក ដឹកនាំដោយនាម៉ឺនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាម្នាក់ ទៅទទួលយកព្រះអង្គម្ចាស់ និងព្រះនាងទាំងឡាយពីនគរសៀមវិញ៕ 

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img