26 C
Phnom Penh
Saturday, July 27, 2024

ក្នុងរយៈពេល៩ខែឆ្នាំនេះ ការវិនិយោគផ្ទាល់បរទេសនៅវៀតណាមកើនឡើងជាង៤%

ស្តាប់អត្ថបទជាសំឡេង

ហាណូយ៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងការវិនិយោគវៀតណាម បានឲ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅប្រទេសវៀតណាមក្នុងរយៈពេល ៩ខែឆ្នាំ ២០២១នេះ មានតម្លៃទឹកប្រាក់សរុបរហូតដល់ ២២,១៥ពាន់លានដុល្លារ កើនឡើង ៤,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយក្តី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម ។

ក្នុងអំឡុងពេលនេះ វៀតណាមបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេសថ្មីចំនួន ១,២១២គម្រោង ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១២,៥ពាន់លានដុល្លារ ធ្លាក់ចុះ ៣៧,៨ភាគរយ ក្នុងបរិមាណ ប៉ុន្តែកើនឡើង ២០,៦ភាគរយ ក្នុងដើមទុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសនេះ ក៏មានគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៦៧៨គម្រោង ដែលបង្កើនដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតសរុបចំនួន ៦,៤៣ពាន់លានដុល្លារ កើនឡើង ២៥,៦ភាគរយ។

ជាមួយគ្នានេះ វិនិយោគិនបរទេសក៏បានវិនិយោគជិត ៣,២ពាន់លានដុល្លារផងដែរ លើកិច្ចព្រមព្រៀងទិញភាគហ៊ុន ពោលគឺធ្លាក់ចុះ ៤៣,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមវិស័យចំនួន ១៨ ដែលទទួលបានការវិនិយោគពីបរទេសក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ច្រើនជាងគេ គឺការផលិតកែច្នៃបាននាំមុខគេចំនួន ១១,៨ពាន់លានដុល្លារស្មើនឹង ៥៣,៤ ភាគរយនៃទុនវិនិយោគផ្ទាល់ពីបរទេសសរុប។ បន្ទាប់មកវិស័យផលិតកម្ម និងការចែកចាយថាមពលដែលមានចំនួនជាង ៥,៥ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះសិង្ហបុរី បាននាំមុខគេក្នុងចំណោមប្រទេស និងតំបន់ចំនួន ៩៤ ដែលវិនិយោគនៅវៀតណាមក្នុងរយៈពេលនេះ ជាមួយទុនវិនិយោគសរុបជិត ៦,៣ពាន់លានដុល្លារ បន្ទាប់មកកូរ៉េខាងត្បូង មានជាង ៣,៩ពាន់លានដុល្លារ និងជប៉ុន ជិត ៣,៣ពាន់លានដុល្លារ។

ខេត្តឡុងអាននៃតំបន់ដីសណ្តទន្លេមេគង្គបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ៣,៦ពាន់លានដុល្លារ រួមទាំង ៣,១ពាន់លានដុល្លារ នៅក្នុងគម្រោងថាមពលដ៏ធំមួយ។

ទីក្រុងកំពង់ផែភាគខាងជើងហៃហ្វុងជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយទឹកប្រាក់ ២,៧ពាន់លានដុល្លារ ខណៈទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ៣ មានទឹកប្រាក់ជិត ២,៤ពាន់លានដុល្លារ៕
អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img