ថៃ÷ បើគិតត្រឹមថ្ងៃទី១៣ សីហានេះ ក្រុមអ្នកតវ៉ានៅថៃបានក្រោកឡើងតវ៉ាបណ្តេញលោកប្រាយុទ្ធ អោយចុះចេញពីតំណែង មិនតិចជាង៥លើកទេ ហើយក្នុងនោះក្រុមអ្នកតវ៉ាបានដុតរថយន្តសមត្ថកិច្ច ចំនួន ៨គ្រឿង និងដុត ប៉ុស្តិ៍យាមប៉ូ លីស ចំនួន១២កន្លែង និងបង្កអោយសមត្ថកិច្ចដែលចុះទៅបង្ក្រាបរបួស ១១នាក់។
ចំណែកឯក្រុមអ្នកតវ៉ាវិញ បន្ទាប់ពីធ្វើការតវ៉ាចំនួន ៥លើកនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាង ២០នាក់ និងរងរបួសជាច្រើន។ ទោះបីជាមេដឹកនាំរបស់ក្រុមអ្នកតវ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាច្រើននាក់ក៏ដោយ ក៏ក្រុមអ្នកតវ៉ានៅតែបន្តការប្រមូលផ្តុំបណ្តេញលោកប្រាយុទ្ធ ចាន់អូឆា អោយចុះចេញពីតំណែងអោយដល់តែបាន។
សូមបញ្ជាក់ផងដែលថា មេដឹកនាំរបស់ក្រុមអ្នកតវ៉ាជាច្រើននាក់ ដែលត្រូវបានសមត្ថកិច្ចថៃ ធ្វើការកោះហៅ និងចាប់ខ្លួន គឺមិនទាន់អនុញ្ញាតអោយធានានៅក្រៅឃុំទេ។
បន្ទាប់ពីក្រុមអ្នកតវ៉ាទាំងនេះ បានធ្វើការប្រឆាំងជាមួយរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អោយចុះចេញពីតំណែង នៅថ្ងៃទី១៥ សីហា ខាងមុខនេះក្រុមអាវក្រហម ដែលដឹកនាំដោយ លោក ណាត់ថាវុធ ក៏ចេញមកតវ៉ាបណ្តេញលោកប្រាយុទ្ធ អោយចុះចេញពីតំណែងផងដែរ។
ដោយឡែកក្រុមអ្នកតវ៉ាបានទាមទារអោយលោកប្រាយុទ្ធ ចាន់អូឆា ចុះចេញពីតំណែង និងទាមទារអោយរដ្ឋភិបាលលោកប្រាយុទ្ធ ឈប់ជិះជាន់ប្រជាពលរដ្ឋនិងកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រថៃ។
សូមបញ្ជាក់ថា÷ សរុបការចោទប្រកាន់របស់សមត្ថកិច្ចថៃ ទៅលើក្រុមអ្នកតវ៉ានៅថៃ មិនតិចជាង ៥រយករណីនោះទេ និងការចោទប្រកាន់ផ្សេងទៀតទាក់ទិន និងច្បាប់ដាក់ទីក្រុងបាងកកក្នុងគ្រាអាសន្ន ចោទទៅលើក្រុមអ្នកតវ៉ាជាង ៦រយករណី និងចោទប្រកាន់ទាក់ទិននិងស្ថាប័នព្រះមហាក្សត្រជាង ៣រយករណី៕
អត្ថបទនិងរូបភាពដោយ៖ Puthi News