ស្តាប់អត្ថបទជាសម្លេង
ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនកំពុងសហការជាមួយអាមេរិក ដើម្បីធ្វើការវិភាគឱ្យបានលម្អិតទាក់ទងនឹងការសាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនាពេលថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់របស់កូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទនេះ បានរាយការណ៍ថា កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយថ្មីដោយជោគជ័យកាលពីថ្ងៃចុងសប្តាហ៍ ដែលការសាកល្បងនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា អាចជាមីស៊ីលលើកដំបូងរបស់កូរ៉េខាងជើងដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់របស់កូរ៉េខាងជើង មីស៊ីលទាំងនោះហោះបានចម្ងាយ ១ ៥០០គីឡូម៉ែត្រ មុនពេលវាយប្រហារចំគោលដៅ និងធ្លាក់ចូលក្នុងដែនទឹករបស់កូរ៉េខាងជើងនៅក្នុងអំឡុងពេលនៃការសាកល្បងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
នេះគឺជាការបាញ់សាកល្បងមីស៊ីលផ្លោងលើកដំបូងហើយរបស់កូរ៉េខាងជើង ចាប់តាំងពីប្រទេសឯកោមួយនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រភេទថ្មី កាលពីខែមីនា។
ប្រទេសកូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលមួយដើមដែរ កាលពីចុងខែមករា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានចូលកាន់តំណែងបានប៉ុន្មានម៉ោង។
គេនៅមិនទាន់ដឹងច្បាស់ទេថាតើកូរ៉េខាងជើងសម្រេចបានបច្ចេកវិជ្ជាដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរដែលតូចល្មមអាចបំពាក់បំពាក់នៅលើមីស៊ីលផ្លោងហើយ ឬនៅនោះទេ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយកាលពីដើមឆ្នាំនេះថា ការអភិវឌ្ឍក្បាលគ្រាប់បែកនុយក្លេអ៊ែរបែបនោះ គឺជាគោលដៅកំពូលរបស់កូរ៉េខាងជើង៕
អត្ថបទ និងរូបភាពដោយ៖ Puthi News