30 C
Phnom Penh
Saturday, July 27, 2024

កូរ៉េខាងជើងបរិសេធការចោទប្រកាន់របស់អាមេរិកដែលថា ខ្លួនផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី

ព្យុងយ៉ាង៖ នៅថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបន្តបដិសេធថា ខ្លួនមិនបានផ្តល់សព្វាវុធឱ្យទីក្រុងមូស្គូឡើយ បន្ទាប់ពីរងការចោទប្រកាន់ សាជាថ្មីពីសំណាក់សហរដ្ឋអាមេរិក អំពីការផ្គត់ផ្គង់មីស៊ីលនិងគ្រាប់រ៉ុក្កែតឱ្យទៅក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី វេកណឺ (Wagner)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

ក្នុងខែមករានេះ ទីក្រុងវ៉ាស៊ីនតោនទើបតែបានបញ្ចូល ក្រុមហ៊ុន Wagner ជាអង្គការឧក្រិដ្ឋជនអន្តរជាតិ ហើយដាក់ទណ្ឌកម្មបន្ថែម ក្រោមហេតុផលថា មានជាប់ពាក់ព័ន្ធក្នុងការជួញដូរអាវុធជាមួយទីក្រុងព្យុងយ៉ាង ដែលជាការបំពានសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមគ្នានោះ សេតវិមានបានបង្ហាញរូបភាពមួយចំនួនដែលអះអាងថា គឺជាសកម្មភាពរថភ្លើងរបស់រុស្ស៉ីធ្វើដំណើរចូលប្រទេសកូរ៉េខាងជើង ដើម្បីនាំយកគ្រាប់រ៉ុក្កែតនិងមីស៉ីល ត្រឡប់ទៅកាន់ប្រទេសរុស្ស៉ី។

ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បានទាត់ចោល ការចោទប្រកាន់ខាងលើរបស់សហរដ្ឋអាមេរិក ហើយព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងប្រឈមផលវិបាកធ្ងន់ធ្ងរ ប្រសិនបើនៅតែបន្តចែកចាយ ពាក្យចចាមអារ៉ាមដែលខ្លួនឯងជាអ្នកបង្កើតផ្ទាល់ បែបនេះតទៅទៀត។ មន្រ្តីរូបនោះបានបន្ថែមថា វាក៏ជាការប៉ុនប៉ងឆោតល្ងង់មួយផងដែរ ដើម្បីធ្វើជាលេសសម្រាប់ឱ្យអាមេរិកបន្តផ្តល់សព្វាវុធដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង បានចេញមុខរិះគន់សហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនកំពុងបន្តឈានជើងឆ្លងបន្ទាត់ក្រហមថែមទៀត តាមរយៈការបញ្ជូនរថក្រោះឱ្យ អ៊ុយក្រែន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img