30 C
Phnom Penh
Saturday, July 27, 2024

កូនប្រុស​តារា​សម្តែង​អេ​ស្ប៉ា​ញ ដែលសម្លាប់គូស្នេហ៍ភេទដូចគ្នា​ ត្រូវបានឃុំខ្លួន​នៅ​ប្រទេស​ថៃ

កូនប្រុសរបស់តារាសម្ដែងជនជាតិ​អេស្ប៉ាញ ឈ្មោះ រ៉ូ​ដូល​ហ្វូ សាន់​ឆូ អាគ្វី​រ៉េ (Rodolfo Sancho Aguirre) នឹងត្រូវបន្តឃុំខ្លួនពាក់ព័ន្ធនឹងការស្លាប់ និងការកាត់សាកសពបុរសជនជាតិកូឡុំប៊ីដែលត្រូវជាគូស្នេហ៍របស់គេនៅលើកោះទេសច​រណ៍ Phangan នៃប្រទេសថៃ។

លោក Daniel Sancho Bronchal វ័យ ២៩ឆ្នាំ បានបង្ហាញខ្លួននៅចំពោះមុខតុលាការកាលពីថ្ងៃចន្ទ ខណៈ​ដែលប៉ូលិសនឹងបន្តឃុំខ្លួនរូបគេសម្រាប់ការស៊ើបអង្កេត បន្តទៀត។

មុនឡើងតុលាការនេះ ប៉ូលិសបាននាំ Sancho ទៅកាន់ទីកន្លែងចំនួន ៧ រួមទាំងឆ្នេរមួយកន្លែងដែលរូបគេបានបោះចោលថង់ប្លាស្ទិកដែលមានផ្នែកខ្លះនៃរាងកាយរបស់បុរសជនជាតិកូឡុំប៊ី Edwin Arrieta Arteaga អាយុ ៤៤ ឆ្នាំ ជាគ្រូពេទ្យវះកាត់។

ចាប់តាំងពី​ថ្ងៃ​​ទី​៣ ខែ​សីហា បំណែក​នៃ​សាកសព​បុរស​អាយុ ៤៤ ឆ្នាំនេះ រួមមាន​ត្រគាក ​ភ្លៅ​ ក្បាល ត្រូវបា​ន​អ្នកស្រុកប្រទះឃើញដោយចៃដន្យ នៅតាមទីតាំងផ្សេងៗគ្នាជុំវិញកោះ Phangan ដោយបង្កឱ្យ​មាន​កា​រភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

ឧត្តមសេនីយ៍ទោថៃ លោក Saranyu Chamnanrat បាននិយាយថា Sancho ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ហើយលាក់បាំង និងបំបែកសាកសពរាងកាយដើម្បីបិទបាំងការស្លាប់ ឬមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។

​កូនប្រុសតារាសម្តែងដ៏ល្បីល្បាញនៅប្រទេសអេស្ប៉ាញ ធ្វើការជាមេចុងភៅ និងបានធ្វើដំណើរទៅកាន់ប្រទេសថៃ​កាលពី​ថ្ងៃទី៣១ ខែកក្កដា ក្នុងនាមជាអ្នកទេសចរ ដើរកម្សាន្តក្នុង​ថ្ងៃ​ឈប់​សម្រាករបស់ខ្លួន។ ក្រោយការចាប់ខ្លួន គ្រួសាររបស់ Sancho កាលពីថ្ងៃអាទិត្យបានចេញលិខិតមួយដោយស្នើសុំឱ្យអាជ្ញាធរ​គោរព Sancho និងគ្រួសាររបស់គេ ក្នុងកាលៈទេសៈស្រពិចស្រពិលនៅឡើយនេះ។

យ៉ាងណាប៉ូលិសថៃបានលើកឡើងថា ការធ្វើតេស្ត DNA នៃអដ្ឋិធាតុទាំងនោះ បង្ហាញថាជាសាកសពរបស់ Arrieta ហើយ​ប៉ូលិ​សមានភស្តុតាងគ្រប់គ្រាន់ប្រឆាំងនឹង Sancho។ ប៉ូលិសថៃ បន្តថា ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ខណៈដែលអាជ្ញាធរបន្តស្វែងរកបំណែកសាកសពដែលនៅសេសសល់របស់ Arrietaបន្តទៀត៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img