26 C
Phnom Penh
Saturday, July 27, 2024

កូនឈើប្រណិត៤៥០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះនៅបរិវេណសួនឧទ្យានសែនមនោរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ស្តាប់អត្ថបទជាសម្លេង

មណ្ឌលគិរី៖  ដើម្បីគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស សំដៅធានានូវការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌ ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន។

អាជ្ញាធរខេត្តមណ្ឌលគិរី បាននាំយកកូនឈើប្រណិតចំនួន៤៥០ដើម ដាំនៅទីតាំងសួនឧទ្យានសែនមនោរម្យ អតីតព្រលានយន្តហោះចាស់ ដើម្បីកែលម្អសោភណភាពនៅបរិវេណវិមានឯករាជ្យ ឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើង។ ពិធីនេះមានការអញ្ជើញជាអធិបតីពីសំណាក់លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ដែលប្រព្រឹត្តទៅបរិវេណសួនឧទ្យានសែនមនោរម្យ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

លោក ស្វាយ សំអ៊ាង បញ្ជាក់ថា ការដាំកូនឈើប្រណិតនៅបរិវេណសួនឧទ្យានសែនមនោរម្យ គឺដោយសារទីតាំងសួននេះ មានផ្ទៃដីធំទូលាយ បានសាងសង់វិមានឯករាជ្យរួចរាល់ នឹងមានរៀបចំធ្វើរូបសេះ រូបផ្លែឃ្លោក រូបនាគ ។ល។ និងរៀបចំលម្អសួនឧទ្យាននេះ ដោយដាំស្មៅ ដាំដើមឈើចម្រុះ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឱ្យសមស្របនឹងអាកាសធាតុ លើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិផងដែរ។ 

 ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង  បានឱ្យដឹងថា  កូនឈើដែលត្រូវដាំសរុបចំនួន៤៥០ដើម  មាន០២ប្រភេទ ក្នុងនោះមានកូនឈើធ្នង់ចំនួន២២០ដើម និងកូនឈើនាងនួនចំនួន២៣០ដើម ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img