30 C
Phnom Penh
Saturday, July 27, 2024

កុំភ្លេចវិធានការ៣កុំ ៣ការពារ ពេលទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើការនៅតាមបណ្តារោងចក្រមួយចំនួនបានបញ្ជាក់ថា ក្នុងឱកាសឈប់សម្រាក រយៈពេល៣ថ្ងៃ ក្នុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពួកគាត់នឹងទៅលេងនៅស្រុកកំណើត ខណៈបងប្អូនកម្មករ កម្មការិនីខ្លះក៏បានបញ្ជាក់ដែរថា ពួកគាត់មិនទាន់ច្បាស់ថានឹងទៅលេងស្រុកកំណើត ឬក៏អត់នោះទេ  តែទោះជាយ៉ាងណាពួកគាត់បានបញ្ជាក់ដូចៗគ្នាថា បើទោះជាគាត់ទៅ ឬមិនទៅក៏ពួកគាត់នៅតែបន្ត អនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំ ៣ការពារជានិច្ចដែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោក ឯម ពុទ្ធ   ជាកម្មករបម្រើការងារនៅក្នុងរោងចក្រក្នុងរាជធានីភ្នំពេញ បាននិយាយថា លោកនឹងទៅលេងស្រុកកំណើត ក្នុងឱកាសបានឈប់សម្រាករយៈពេល៣ថ្ងៃ នៅពេលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ តែទោះជាយ៉ាងណា ក៏គាត់នៅតែមិនភ្លេចអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ៣កុំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួនលោក និងក្រុមគ្រូសារលោកពីបញ្ហាជំងឺកូវីដ-១៩។

មិនខុសគ្នានេះ  កម្មការិនីឈ្មោះ អ៊ុង វាន់ថា  ថាគាត់មានគម្រោងទៅស្រុកកំណើតដែរនៅពេលឈប់សម្រាក បុណ្យភ្ជុំបិណ្ឌនេះ ហើយនឹងនៅតែបន្តអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

ស្រដៀងគ្នានឹងបងប្អូនកម្មករ កម្មការិនីខាងលើនេះដែរ កញ្ញា  ធីតា ដែលជាកម្មការិនីមួយរូប បានបញ្ជាក់ថា គាត់មិនទាន់ច្បាស់ថានឹងទៅលេងស្រុក ឬអត់នោះទេ  តែទោះជាយ៉ាងណារូបនាងនៅតែបន្តអនុវត្តវិធានការការពារខ្លួនជានិច្ច ដើម្បីការពារខ្លួនគាត់ និងក្រុមគ្រួសារពីកូវីដ-១៩។

ទាក់ទងនឹងការបង្កការរាលដាលជំងឺកូវីដ-១៩ ក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះដែរលោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC) និងជាប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីទាំងក្នុងពេលឈប់សម្រាក និងមានការទៅលេងស្រុកកំណើតនេះ សូមបន្តអនុវត្តនូវវិធានការនានា និងអនុវត្ត៣កុំ ៣ការពារ ដើម្បីការពារខ្លួនយើងនឹងក្រុមគ្រួសារ ក៏ដូចជាសហគមយើងពីជំងឺកូវីដ-១៩ ជាពិសេសបំប្លែងថ្មី និងដើម្បីធានាបានថា ការទៅលេងស្រុកកំណើត របស់បងប្អូនមិន ជាការយកជំងឺកូវីដ-១៩ ទៅជូនពួកគាត់នៅផ្ទះនោះទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img