30 C
Phnom Penh
Saturday, July 27, 2024

កុមារ និងយុវវ័យពីអាយុ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចំនួនជាង៤៤ម៉ឺននាក់ស្មើ ២២,៥៦% ទូទាំងប្រទេសទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ រយៈពេល១២ថ្ងៃនៃការចាប់ផ្តើម ដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៤៤៣  ៦៩២នាក់ (ស្មើ២២,៥៦% នៃគោលដៅទូទាំងប្រទេស)។ ដោយឡែកក្របខណ្ឌទូទាំងប្រទេសចាក់បានចំនួន៨ ៦៣៩ ៧៧៣នាក់ (គិតត្រឹមថ្ងៃទី១២ ខែ សីហាឆ្នាំ២០២១) ម្សិលមិញ។

វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយ ក្រុមហ៊ុននៅក្នុងប្រទេសចិន។ យោងតាមរបាយការណ៍អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខណ្ឌទូទាំងប្រទេស។ 

រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ ឆ្នាំ ក្របខណ្ឌទូទាំងប្រទេសមានចំនួនប្រមាណ២លាននាក់។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងការសម្រេចផ្ដល់ជូនវ៉ាក់សាំងដល់កុមារ-យុវវ័យមានអាយុពី១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ដែលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាត ត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្ដុង្គឧត្ដមបំផុត។

សូមបញ្ជាក់ថា៖ ក្រសួង អប់រំយុវជននិង កីឡា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពង់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីគម្រោងបើកសាលាចាប់ពីអនុវិទ្យាល័យឡើងសម្រាប់បវេសនកាល ២០២១ -២០២២ នៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៏បញ្ជាក់អំពីគម្រោងការបើកសាលាឡើងវិញនេះនឹងអាចរៀបចំឡើងនៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២១នេះ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ដល់ ១៨ឆ្នាំនេះ គឺជាគោលដៅ និងជាការគិតគូរដល់ការរៀបចំបើកសាលារៀននិងគ្រឹះស្ថានអប់រំនានាឡើងវិញ។  

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន សង្កេតឃើញរយៈពេលនៃការរាលដាលកូវីដ-១៩ គឺបានប៉ះពាល់ដល់គុណភាពអប់រំ។ សម្ដេចតេជោបន្តថា ទោះបីបន្តរៀនតាមប្រព័ន្ធអនឡាញក៏ពិតមែន តែគុណភាពនៃការសិក្សារបស់សិស្សគឺមិន ល្អដូចរៀនផ្ទាល់ឡើយ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះ ៖ “យើងអាចបើកដំណើរការឡើងវិញនូវសាលារៀន និងគ្រឹះស្ថានអប់រំនានា។ យ៉ាងហោចណាស់ យើងអាចចាប់ផ្ដើមបើកសាលា ចាប់ពីអនុវិទ្យាល័យឡើង សម្រាប់បវេសនកាល ២០២១ -២០២២ នៅខែកញ្ញា ឬខែតុលាខាងមុខ”។ 

សម្ដេច ហ៊ុន សែន ផែនការបើកសាលាឡើងវិញនេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់លើការអប់រំរបស់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា ពិសេសកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអប់រំកម្ពុជាទាំងមូល។

លោកស្រីវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេសធ្លាប់មាន ប្រសាសន៍ថា៖ បច្ចុប្បន្ននេះកម្ពុជា កំពុងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយរលូន ជូនដល់ក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងចាក់ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំ ដើម្បីបង្កើតភាពសុំាក្នុងសហគមន៍ ជាពិសេសអាចឈានទៅបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗនេះ ៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img