30 C
Phnom Penh
Saturday, July 27, 2024

ការអភិវឌ្ឍធនធានយុវជន គឺជាសក្តានុពលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តសៀមរាប៖ លោក ទៀ សីហា ថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនបន្តវេន និងប្រព័ន្ធការងារ គឺជាសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចែងក្នុងកម្មវិធីនយោបាយរបស់គណបក្សដោយបានកំណត់យ៉ាងច្បាស់ថាយុវជន គឺជាសរសរទ្រូងរបស់ជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាងសមិទ្ធផលសង្គម។ ភាពរឹងមាំរបស់យុវជនកម្ពុជា ជាតំណាងឲ្យអនាគតដ៏រុងរឿងរបស់ជាតិ។ 

លោកទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជន ផែនចំណុះក្រុមការងារយុវជនគណបក្សខេត្ត និងសមាសភាពក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានក្រុង-ស្រុកទាំង១២ ដើម្បីឆ្លើយតបទៅនឹងសេចក្តីកំណត់របស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងសេចក្តីណែនាំរបស់យុវជនគណបក្សថ្នាក់កណ្តាលដែលបានដាក់ចុះ។ 

ជាមួយគ្នានឹងពិធីប្រកាសនេះ ស្នាក់ការថ្មី របស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក៏ត្រូវបានកាត់ខ្សែបូរ សម្ពោធដាក់ឲ្យដំណើរការផងដែរ ដែលទាំងនេះគឺជាការឆ្លុះបង្ហាញអំពីនិន្នាការនៃការអភិវឌ្ឍធនធានមនុស្សក្នុងជួរគណបក្ស ប្រព័ន្ធការងារ និងហេដ្ឋារចនាសម្ព័ន្ធ។  

 លោកទៀ សីហា គូសបញ្ជាក់ថា ដោយឈរលើទស្សនៈនៃការកំណត់តម្លៃសក្តានុពលបន្តវេននោះហើយ  ទើបគណបក្សប្រជាជនកម្ពុជា ត្រូវបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍយុវជនឲ្យមានការរីកចម្រើនលើគ្រប់ផ្នែក ទាំងចំណេះដឹងនិងចំណេះធ្វើ បង្កើតការងារ ពង្រឹងកាយសម្បទា ថែទាំសុខភាព អប់រំអំពីសីលធម៌រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ចៀសផុតពីអំពើហិង្សា និងអំពើអបាយមុខនានា  ហើយប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនស្របតាម គោលការណ៍ គោលនយោបាយរបស់គណបក្សបានយ៉ាងល្អប្រសើរ។

ព្រមជាមួយនោះ គណបក្សប្រជាជនកម្ពុជា បានរក្សាការពារសុខសន្ដិសុខ សុវត្ថិភាព និងយុត្តិធម៌សម្រាប់យុវជន ដោយយកចិត្តទុកដាក់បញ្ចូលតម្រូវការយុវជនទៅក្នុងផែនការអភិវឌ្ឍគ្រប់កម្រិត ពង្រីកការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងជំរុញការអនុវត្តជាជំហានៗ នូវទិសដៅយុវភាវូបនីយកម្ម ក្នុងការផ្ដល់នូវការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ដល់យុវជន  ដើម្បីឱ្យយុវជនកាន់តែពង្រីកបាននូវឱកាស និងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img