នៅក្នុងការស្ទង់មតិរយៈពេល ២ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅអ្នកចូលរួមឆ្លើយសំណួរប្រមាណ ៥៨% បាន យល់ស្របជាមួយការលើកឡើងដែលថា រដ្ឋា ភិបាលចិនបានប្រើ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិន ដើម្បី «ជះឥទ្ធិពលលើទស្សនៈសាធារណជនអាមេរិក»។ប៉ុន្តែការស្ទង់មតិប្រមាណ ១៣% មិនយល់ស្របលើរឿងនេះ ខណៈអ្នកចូលរួមផ្សេងទៀតនៅមិនច្បាស់ ឬ មិនបានឆ្លើយនឹងសំណួរតែម្តង។អ្នកគាំទ្រគណបក្សសាធារណរដ្ឋទំនងជាជឿខ្លាំងជាង អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យថា ចិនកំពុងប្រើប្រាស់កម្មវិធីនេះដើម្បីជះឥទ្ធិពលលើទស្សនៈពលរដ្ឋអាមេរិក។ ក្រុមហ៊ុន TikTok បានបញ្ជាក់ថា ខ្លួនបានចំណាយប្រាក់ជាង ១.៥០០ លាន ដុល្លារអាមេរិក លើកិច្ចប្រឹងប្រែងធ្វើឱ្យមានសន្តិសុខលើប្រព័ន្ធទិន្នន័យ នៃកម្មវិធីរបស់ខ្លួន ហើយថា ខ្លួននឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់ដែលជាពលរដ្ឋអាមេរិក ១៧០ លាននាក់ ជាមួយរដ្ឋាភិបាលចិននោះឡើយ។ក្រុមហ៊ុននេះបានបញ្ជាក់នៅចំពោះមុខសភាអាមេរិក កាលពីឆ្នាំមុនថា ខ្លួន «មិនគាំទ្រ ឬ ដកចេញនូវវីដេអូណាមួយតាមការចង់បានរបស់រដ្ឋាភិបាលចិននោះទេ»។ ប្រធានាធិបតី អាមេរិកលោក Joe Biden កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើច្បាប់មួយ ដោយ ទុកពេល ២៧០ថ្ងៃ ឱ្យក្រុមហ៊ុនByteDance ដែលគ្រប់គ្រង TikTok នេះ ឱ្យ លក់សិទ្ធិកាន់កាប់ TikTok ដល់អាមេរិក បើ មិនដូច្នេះទេ នឹងត្រូវប្រឈមការហាមឃាត់។ក្រុមហ៊ុន TikTok បានសន្យាថា នឹងប្រឆាំងនឹងបម្រាមនេះ ដោយចាត់ទុកបម្រាមនេះថាជាការរំលោភបំពាន ទៅលើសិទ្ធិការពារសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងវិសោធនកម្មទីមួយ នៃរដ្ឋធម្មនុញ្ញអាមេរិកហើយអ្នកប្រើប្រាស់ TikTok នេះ ត្រូវគេរំពឹងថា នឹងចាត់វិធានការផ្លូវច្បាប់ម្តងទៀតប្រឆាំងទៅនឹងបម្រាមនេះ។ ក្រុមហ៊ុនស្ទង់មតិ Reuters/Ipsos បានរកឃើញថាពលរដ្ឋអាមេរិក ៥០% គាំទ្រឱ្យមានការដាក់បម្រាមលើ TikTok ៣២% ប្រឆាំងនឹងបម្រាមនេះ ហើយក្រៅពីនេះ គឺមិនច្បាស់លើបញ្ហានេះ។ ការស្ទង់មតិនេះបានធ្វើឡើងតែលើក្រុមមនុស្សពេញវ័យនៅអាមេរិកប៉ុណ្ណោះ។ អ្នកចូលរួមក្នុងការស្ទង់មតិនេះ ៦ នាក់ក្នុងចំណោម ១០នាក់ ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ បានគាំទ្របម្រាមនេះ បើធៀបនឹងចំនួនប្រមាណ ៤នាក់ ក្នុងចំណោម ១០នាក់ ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់៣៩ឆ្នាំ។ ការស្ទង់មតិនេះ បានបង្ហាញថាពលរដ្ឋអាមេរិក ៤៦% យល់ស្រប ដោយលើកឡើងថា ប្រទេសចិនកំពុងប្រើប្រាស់កម្មវិធីនេះដើម្បី «ឈ្លបយកការណ៍លើពលរដ្ឋអាមេរិកទូទៅ» ដែលជាការចោទប្រកាន់ដែលរដ្ឋាភិបាលចិនបានបដិសេធ។ កម្មវិធី TikTok មានការពេញនិយមជាខ្លាំង នៅគ្រប់កន្លែងទាំងអស់ក្នុងអាមេរិក។ សូម្បីតែក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ក៏កំពុងប្រើប្រាស់កម្មវិធីនេះ ដើម្បីទាក់ទាញអ្នកបោះឆ្នោតនៅមុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ៕ Reuters
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New