ប៉ូលិសថៃបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករនៅជិតការិយាល័យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) កាលពីថ្ងៃចន្ទ ខណៈដែលគណបក្សប្រឆាំងបានដាក់ញ្ញត្តិដើម្បីស្នើសុំហៅលោកមកជជែកដេញដោលនៅក្នុងសភាពាក់ព័ន្ធនឹងការឆ្លើយតបរបស់លោកទៅនឹងការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩។
ក្រុមអ្នកតវ៉ារាប់រយនាក់បានដើរក្បួនឆ្ពោះទៅវិមានរដ្ឋាភិបាលដើម្បីទាមទារឱ្យ លោក ប្រាយុទ្ធ ចុះចេញពីតំណែង ដែលនេះបានឆ្លុះបញ្ចាំងពីកំហឹងកាន់តែខ្លាំងឡើងរបស់មហាជនជុំវិញការឆ្លងរីករាលដាលកាន់តែអាក្រក់ៗឡើង នៃវីរុសកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានភាពច្របូកច្របល់។
ការតវ៉ានេះត្រូវបានដឹកនាំដោយក្រុមដែលបានស្វះស្វែងឲ្យមានការបណ្តេញអតីតប្រមុខកងទ័ព លោក ប្រាយុទ្ធ ចេញពីតំណែងកាលពីឆ្នាំមុន ដោយបានចោទប្រកាន់រូបលោក និងសម្ព័ន្ធមិត្តរបស់លោកថាបានព្យាយាមពង្រឹងការគ្រប់គ្រងនយោបាយរបស់យោធា។
ក្រុមតំណាងរាស្រ្តមកពីគណបក្សប្រឆាំង កាលពីថ្ងៃចន្ទ បានដាក់ញ្ញត្តិសម្ដែងការមិនទុកចិត្តប្រឆាំងនឹង លោក ប្រាយុទ្ធ និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន ៥រូប ដែលនេះនឹងនាំឱ្យមានការកោះហៅ លោក ប្រាយុទ្ធ មកជជែកដេញដោលជុំវិញវិបត្តិវីរុសកូវីដ-១៩ ដែលទំនងជានឹងធ្វើឡើងនៅចុងខែនេះ ឬដើមខែកញ្ញា។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបានបាញ់ទឹក ដាក់ក្រុមអ្នកតវ៉ា នៅពេលដែលពួកគេបានព្យាយាមរុះរើរបាំងរបស់ប៉ូលិស ។ នេះជាការតវ៉ាថ្មីមួយទៀតនៅក្នុងការតវ៉ាជាបន្តបន្ទាប់នាពេលថ្មីៗនេះដែលនាំឱ្យមានអំពើហិង្សារួមទាំងការប្រើគ្រាប់កាំភ្លើងកៅស៊ូដើម្បីបំបែកការតវ៉ា។
ការប៉ះទង្គិចគ្នាក៏បានកើតឡើង កាលពីល្ងាចថ្ងៃចន្ទផងដែរ នៅក្បែរគេហដ្ឋានរបស់ លោក ប្រាយុទ្ធ ដែលស្ថិតនៅកន្លែងផ្សេងទៀតនៃរដ្ឋធានីបាងកក។
អត្ថបទនឹងរូបភាពដោយPuthi News