31 C
Phnom Penh
Monday, November 11, 2024

ការនេសាទសមុទ្រក្នុងខេត្តកំពត នៅដំណើរការជាធម្មតា ខណៈដែលខេត្តនេះទទួលរងឥទ្ធិពលសម្ពាធទាបបន្តិចបន្តួចបណ្ណោះ

ស្តាប់អត្ថបទជាសម្លេង

កំពត៖ ការនេសាទសមុទ្រនៅតែបន្តដំណើរការជាធម្មតានៅឡើយទេ ខណៈស្ថានភាពអាកាសធាតុនៅខេត្តកំពតមិនទាន់មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នៅឡើយ ទោះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថានភាពអាកាសធាតុខេត្តនៅជាប់មាត់សមុទ្រនឹងទទួលរងនូវសម្ពាធទាប អាចកើតមានផ្គររន្ទះ ខ្យល់កន្ទ្រាក់ រលកសមុទ្រឡើងខ្ពស់ និងអាចបង្កឱ្យមានជំនន់ទឹកភ្លៀង។ ទោះយ៉ាងនេះក៏ដោយ ប្រជានេសាទហាក់មានការប្រុងប្រយ័ត្នជាងមុន ព្រោះពួកគាត់បានដឹងអំពីសេចក្តីជូនដំណឹងរបស់ក្រសួង ហើយខណ្ឌរដ្ឋបាលផលក៏បានផ្សព្វផ្សាយបន្ថែមតាមរយៈមធ្យោបាយផ្សេងៗផងដែរ។ 

នាយខណ្ឌរដ្ឋបាលផលខេត្តកំពត លោក ស សូរិន បានឱ្យដឹងថា អាកាសធាតុនៅក្នុងខេត្តកំពត ទទួលរងឥទ្ធិពលសម្ពាធទាបបន្តិចបន្តួច ប៉ុន្តែមិនបានប៉ះពាល់ដល់ការនេសាទនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ ប្រជា នេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងបន្តតាមដានអាកាសធាតុ ដើម្បីបានត្រៀមលក្ខណៈជាមុនក្នុងករណីមានបាតុភូតមិនប្រក្រតីកើតឡើង។ សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងខេត្តកំពត និងលើផ្ទៃសមុទ្រ ពុំមានព្យុះភ្លៀង ឬខ្យល់កន្ទ្រាក់ឡើយ ហើយកម្ពស់ទឹករលកក៏គ្មានអ្វីប្រែប្រួលគួរឱ្យកក់សម្គាល់ដែរ ប៉ុន្តែផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងរលឹមនៅតាមតំបន់មួយចំនួន។ 

សូមបញ្ជាក់ថា ខេត្តកំពតមានទូកនេសាទសមុទ្រសរុបចំនួន១ ០៥៦គ្រឿង ហើយទិន្នផលនេសាទសមុទ្រស្មើនឹងជាង៩០ភាគរយ នៃផលនេសាទសរុបប្រចាំឆ្នាំ។ ចំពោះទិន្នផលនេសាទសរុបប្រចាំឆ្នាំ២០១៩មានចំនួន ២ម៉ឺន៣ពាន់៦០០តោន ហើយនៅឆ្នាំ២០២០ ធ្លាក់សល់ត្រឹម២ម៉ឺន ៣ពាន់តោន ហើយឆ្នាំ២០២១ អាចនឹងបន្តធ្លាក់ចុះទៀតដោយសារកត្តាអាកាសធាតុប្រែប្រួល៕ 

អត្ថបទ និងរូបភាពដោយ​​ ពុទ្ធិញូវ

អានបន្ត

spot_img
spot_img