30 C
Phnom Penh
Saturday, July 27, 2024

ការទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋ ២ភូមិក្នុង

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិគង្គាផុស និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើពិធីប្រគល់ទទួលវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ក្រោមវត្តមានអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនឌឿន និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះ លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ការចុះបញ្ជីក្បាលដីនេះ ផ្តល់នូវសារប្រយោជន៍ពីរយ៉ាងដល់ប្រជាជន និងដល់រដ្ឋផង។ លោកបន្តថា ចំពោះប្រជាពលរដ្ឋយើង គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លី ពេញលេញជូនគាត់ ហើយវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ទៀតសោត មានសារៈសំខាន់សម្រាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងនូវការរំលោភបំពានលើដីធ្លី ។លើសពីនេះទៅទៀត ប័ណ្ណនេះអាចផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ យកទៅដាក់ធានាក្នុងការខ្ចីប្រាក់ពីធនាគារ យកមកប្រកបអាជីវកម្មផ្សេងៗបាន ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌថ្លែងថា ចំពោះរដ្ឋវិញ ការចុះបញ្ជីដីធ្លីនេះ ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លី បានសមស្រប ។ម្យ៉ាងវិញទៀត ការគ្រប់គ្រងដីធ្លី បានល្អប្រសើរជាមូលដ្ឋានឱ្យរដ្ឋគិតគូរ ប្រមូលចំណូលថវិកាជាតិ និងមានលក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើស្ទួយសេដ្ឋកិច្ចជាតិ ឈានឡើងសំបូរសប្បាយ ជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា ។


លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានពន្យល់ជូនប្រជាពលរដ្ឋថា បណ្ណសំគាល់អចលនវត្ថុនេះ ត្រូវរក្សាឱ្យបានល្អ កុំអ៊ុតរឹងដែលនាំឱ្យមានការ លំបាកនៅពេលក្រោយ ដែលយើងចង់កែប្រែឬបំពេញបន្ថែមនូវចំណុចអ្វីមួយ និងសូមម្ចាស់អចលនវត្ថុផ្ទាល់មកទទួលដោយខ្លួនឯង កុំទុកចិត្តនរណាក្រៅពីខ្លួនយើង។ជាមួយគ្នានោះដែរ លោក សារិន វណ្ណា ក៏បានពន្យល់ចំណុចពិសេសសំខាន់ៗនៃបណ្ណសំគាល់កាប់សិទ្ធិដីធ្លី និងអចលនវត្ថុរបស់ប្រជាពលរដ្ឋចេះកត់ចំណាំថា មួយណាពិត និងមួថយណាក្លែងបន្លំ ហើយប្រសិនបើប្រជាពលរដ្ឋមិនច្បាស់សូមធ្វើការពឹងពាក់អាជ្ញាធសុរិយោដី ដើម្បីជួយពិនិត្យផ្ទៀងផ្ទាត់ ព្រោះគេមានជំនាញច្បាស់លាស់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងខណ្ឌឫស្សីកែវ ដែលបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនិងការកាន់កាប់ដីធ្លីរបស់ខ្លួន គឺភូមិគង្គាផុសចំនួន ៦៦០ក្បាលដី និងភូមិទួលថ្ងាន់ ១២៤១ក្បាលដី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ សរុបទាំងអស់ ១៩០១ក្បាលដី៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img