ស្តាប់អត្ថបទជាសម្លេង
ក្រុមអ្នកតវ៉ាប្រឆាំងជនអន្តោប្រវេសន៍បានវាយបំផ្លាញផ្ទះសម្បែង, ហាងលក់ដូរ និងរថយន្តដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ីរីនៅក្នុងរដ្ឋធានីអង់ការ៉ា (Ankara) របស់ប្រទេសតួកគី បន្ទាប់ពីភាពតានតឹងបានផ្ទុះឡើងពាក់ព័ន្ធនឹងការសម្លាប់យុវជនតួកគីម្នាក់។
បង្អួចហាង និងបង្អួចផ្ទះរបស់ជនជាតិស៊ីរីត្រូវបានគេវាយបំផ្លាញ ហើយរថយន្តមួយគ្រឿងត្រូវបានគេបំបះ និងដុតកម្ទេចចោលនៅក្នុងកំឡុងពេលនៃចលាចល។
សាក្សីបាននិយាយថា ប៉ូលិសបានបាញ់ឡេីងទៅលើដេីម្បីបញ្ឈប់អំពើហិង្សា។ យោងតាមប៉ូលិស មនុស្សចំនួន ៧៦នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពេីហិង្សានេះ។
សូមបញ្ជាក់ថា អំពើហិង្សានេះបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានការឈ្លោះប្រកែកគ្នានៅតាមផ្លូវរវាងក្រុមយុវជនតួកគី ដែលជាម្ចាស់ស្រុក និងក្រុមយុវជនអន្តោប្រវេសន៍ស៊ីរី ដែលនៅពេលនោះយុវជនតួកគីម្នាក់ត្រូវបានគេចាក់សម្លាប់។
អាជ្ញាធរបាននិយាយថា ការស៊ើបអង្កេតត្រូវបានធ្វេីឡេីង ហើយមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន។
ភាពតានតឹងរវាងពលរដ្ឋតួកគី និងក្រុមជនអន្តោប្រវេសន៍បានផ្ទុះឡើងនាពេលថ្មីៗនេះ ស្របពេលដែលមានការមកដល់របស់ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានរត់ភៀសខ្លួនចេញពីសង្គ្រាមដែលកំពុងរីកធំយ៉ាងលឿននៅក្នុងប្រទេសរបស់ពួកគេ។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា បច្ចុប្បន្ននេះប្រទេសតួកគីបានទទួលយកជនភៀសខ្លួនច្រើនជាងគេមកពីជុំវិញពិភពលោក ក្នុងនោះរួមទាំងពលរដ្ឋស៊ីរីជាងបីលាននាក់ផង៕
អអត្ថបទនិងរូបភាពដោយ៖ Puthi News