30 C
Phnom Penh
Tuesday, October 8, 2024

ការដ្ឋានស្ពាន០៧កន្លែង និងបុកស៊ីផាយនៅប្រឡាយទួលពង្រ១ គ្រោងរួចរាល់នៅដំណាច់ខែសីហានេះហើយ

ភ្នំពេញ៖ ស្ពានចំនួន0៧កន្លែង និងការងារបុកស៊ីផាយ នៅតាមមាត់ប្រឡាយមេ ប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ នៅតែបន្តធ្វើយ៉ាងមមារញឹក ដែលគិតមកដល់ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ការដ្ឋានមួយនេះស្ទើរតែរួចរាល់ទៅហើយ ពោលគឺ នៅដំណាច់ខែសីហា នឹងត្រូវបញ្ចប់ការស្ថាបនា និងដាក់ប្រើប្រាស់ជាផ្លូវការតែម្តង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ថា ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលមានទំហំ ៨ម៉ែត្រ និងជម្រៅ០២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១៧ ខែសីហា ការដ្ឋានទាំងមូលសម្រេចបានប្រមាណជិត១០០ភាគរយហើយ នៅសល់តែស្ពានមួយប៉ុណ្ណោះ ក្នុងចំណោម០៧ស្ពាន ដែលបាននឹងកំពុងសាងសង់ ហើយការដ្ឋានទាំងមូលគ្រោងនឹងបញ្ចប់នៅដំណាច់ខែសីហា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង។

លោក សាំ ពិសិដ្ឋ បានបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌមានជយ័ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ។ នៅពេលគម្រោងការនេះបញ្ចប់ នឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងបានមួយកម្រិតធំ។ ចំពោះពេលនៃការសាងសង់ស្ពាន៧កន្លែងនេះ ក្រុមការងារបានដាក់លូប្រអប់បណ្តោះអាសន្ន ដោយសារតែបានកាត់ផ្តាច់ផ្លូវមួយចំនួន កាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ បានបុកស៊ីផាយដើម្បីទប់ដីកុំឱ្យបាក់ មានប្រវែងជាង២០០ម៉ែត្រ ផងដែរ។

សូមបញ្ជាក់ថា គម្រោងស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង៨ម៉ែត្រ បណ្ដោយ៤ ៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ក្រៅពីនេះ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង ២,៦៥ម៉ែត្រ មានចំនួន ៣ជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុង ដល់ប្រឡាយបឹងហា។ ចំពោះលូប្រអប់ដាក់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រ គុណនឹង ២ម៉ែត្រ ប្រវែង១ ២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន០៧កន្លែង ផងដែរ។

ចំពោះការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ដើម្បីការពារដីបាក់នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img