30 C
Phnom Penh
Saturday, July 27, 2024

ការចាក់វ៉ាក់សាំងកូវីដចម្រុះជួយបង្កើនភាពស៊ាំសារពាង្គកាយបានខ្ពស់ ជាងវ៉ាក់សាំងតែមួយមុខ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុម ការងារចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៦ បន្ទាប់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ទីតាំងដែលលោកស្រី ឱ វណ្ឌឌីន ដឹកនាំក្រុមការងារគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចុះទៅពិនិត្យនេះ គឺនៅទីតាំងព្រឹទ្ធសភា និងមន្ទីរពេទ្យបង្អែកដង្កោ។ ទីតាំងទាំងពីរនេះ ក្រៅពីការអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៦ ហើយនោះ ក៏មានមន្ដ្រីរាជការ និងប្រជាពលរដ្ឋទូទៅមកចាក់វ៉ាក់សាំងដូសផ្សេងៗនៅពេល ដែលខ្លួនដល់ថេរវេលាកំណត់ ក្នុងនោះមាន ដូសទី៤ និងដូសទី៥ ជាដើម។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ការសម្រេចរបស់សម្ដេចតេជោនៅពេលនេះ គឺជារឿងដ៏ត្រឹម ត្រូវជាទីបំផុត ដោយសារយើងម្នាក់ៗច្បាស់ជាបានដឹងហើយថា ភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គលម្នាក់ៗ ក្រោយទទួលវ៉ាក់សាំងដូសទី៣ ទី៤ និងទី៥ នៅពេលគម្លាតនៃការទទួលយកឆ្ងាយពេក ហើយមិនបានមកចាក់បន្ដទៀតនេះធ្វើឲ្យបុគ្គលម្នាក់ៗបាត់បង់ភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គល។ ក្នុងករណីភាពស៉ាំ ចុះខ្សោយ អាចក្លាយ ជាបុគ្គលដែលមានហានិភ័យខ្ពស់។

លោកស្រីបានអះអាងថា បច្ចុប្បន្នវីរុសកូវីដ-១៩ បានបំប្លែងខ្លួនជាបន្ដបន្ទាប់ ក៏ប៉ុន្ដែវ៉ាក់សាំងនៅតែជាឧបករណ៍ដែលមានសារៈសំខាន់ជួយការពារសរីរាង្គរបស់បុគ្គល អំពីការវាយលុកនៃពពួកវីរុសកូវីដ-១៩ ពិសេសអូមីក្រុងដែលបម្លែងថ្មីនេះតែម្ដង។ ដូច្នេះបានជាគ្រប់បណ្ដាប្រទេសទាំងអស់ យកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងដូសជំរុញតែម្ដង។ ដូច្នេះការចាក់វ៉ាក់សាំងកូវីដ ចម្រុះជួយបង្កើនភាពស៊ាំសារពាង្គកាយបានខ្ពស់ ជាងវ៉ាក់សាំងតែមួយមុខ។

លោកស្រី ឱ វណ្ណឌីន លើកឡើងទៀតថាក្រោមការដឹក នាំរបស់សម្ដេចតេជោ ហ៊ុន សែន កំពុងតែបោះជំហានទៅរកអ្វីដែលរក្សាបាននូវភាពស៉ាំរបស់បុគ្គល និងសហគមន៍ ក្នុងករណីភាពស៉ាំធ្លាក់ចុះអស់ ដូច្នេះភាពស៉ាំសហគមន៍នឹងចុះខ្សោយ ឬអត់មានតែម្ដង ដូច្នេះវីរុសងាយនឹងលុកលុយធ្វើទុកក្នុងសរីរាង្គកាយរបស់បុគ្គល។

បើតាមលោកស្រី ឱ វណ្ណឌីន, ថ្ងៃនេះជាការចាប់ផ្ដើមនូវការផ្ដល់ដូសជំរុញទី៦ សម្រាប់អ្នកដែលបានចាក់ដូសទី ៥ ក្នុងរយៈពេល៤ ទៅ៦ខែ ហើយក៏មានការផ្ដល់នូវការចាក់ដូសទី៤ ទី៥ ដល់កុមារា កុមារីផងដែរ។ លោកស្រីបន្ដថា ដំណើរការចាក់វ៉ាក់សាំងដូសទី៦ និងដូសជំរុញផ្សេងៗទៀតនោះ គឺធ្វើឡើងនៅក្របខណ្ឌទូទាំងប្រទេស មិនធ្វើនៅតែរាជធានីភ្នំពេញនោះទេ។

លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ សូមមកទទួលយកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការណែនាំនិងតាមសេចក្ដីជូនព័ត៌មានដែល បានចេញផ្សាយជាបន្ដបន្ទាប់។ លោកស្រីគូសបញ្ជាក់ថា រៀងរាល់ថ្ងៃ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋមណ្ឌល សុខ ភាព គឺមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះដូចៗគ្នា ដូច្នេះប្រជាពលរដ្ឋអញ្ជើញចាក់នៅពេលណាក៏បានដែរ ឲ្យតែខ្លួនដល់វេលាកំណត់។

ជាថ្មីម្ដងទៀតលោកស្រីរដ្ឋលេខាធិការនៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំមានការរើសអើងប្រភេទវ៉ាក់សាំង ព្រោះឆ្លងកាត់ការពិសោធន៍ ហើយអង្គការ សុខភាពពិភពលោកក៏បានលើកឡើងជាបន្ដបន្ទាប់មកហើយថា ការចាក់វ៉ាក់សាំងចម្រុះ ឬខ្វែង នឹងផ្ដល់លទ្ធភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គលបានខ្ពស់ ហើយខ្ពស់ជាងការប្រើប្រាស់ប្រភេទវ៉ាក់សាំងតែមួយទៀតផង។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសារសំឡេង បានណែនាំឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស រៀបចំដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៦ ជូនអ្នកដែលដល់វេលាកំណត់ ដើម្បីបង្កើនភាពស៉ាំសហគមន៍៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img