នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) កាលពីថ្ងៃពុធ បាននិយាយថា ប្រទេសកាណាដាកំពុងព្យាយាមទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលមានសិទ្ធិចូលមកប្រទេសកាណាដា ឲ្យបានច្រេីនតាមដែលអាចធ្វើទៅបាន ប៉ុន្តែលោកបានបន្ទោសក្រុមតាលីបង់ថាកំពុងរារាំងពលរដ្ឋជាច្រើនមិនឱ្យធ្វេីដំណេីរទៅអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីកាប៊ុល។
លោក ទ្រូដូ បាននិយាយថា ប្រទេសកាណាដាគ្រោងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានយ៉ាងហោចណាស់ ២ម៉ឺន១ពាន់នាក់។
លោក ទ្រូដូ បាននិយាយដែរថា ប្រទេសកាណាដាមិនមានគម្រោងទទួលស្គាល់ក្រុមតាលីបង់ជារដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថានទេ បន្ទាប់ពីចលនាអ៊ីស្លាមនិយមនេះបានចូលកាន់កាប់រដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យ។
ក្រោយពីបានចូលកាន់កាប់អំណាចឡេីងវិញ ក្រុមតាលីបង់បានសន្យាថានឹងគ្រប់គ្រងប្រទេសប្រកបដោយសន្តិភាព និងបានថា ពួកគេនឹងមិនសងសឹកប្រឆាំងនឹងសត្រូវចាស់ទេ ហើយនឹងគោរពសិទ្ធិស្ត្រី។
ប៉ុន្តែកាលពីថ្ងៃពុធ សាក្សី២នាក់ និងអតីតមន្រ្តីប៉ូលិសម្នាក់បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមយុទ្ធជនតាលីបង់បានបើកការបាញ់ប្រហារនៅពេលដែលពលរដ្ឋបានព្យាយាមដំឡើងទង់ជាតិអាហ្វហ្គានីស្ថាននៅទីលានមួយនៅក្នុងទីក្រុងចាឡាឡាបាដ (Jalalabad) ដោយបានសម្លាប់មនុស្ស ៣នាក់និងរបួសជាង ១០នាក់។
ការត្រឡប់មកកាន់អំណាចវិញរបស់ក្រុមតាលីបង់ បានកេីតឡេីងក្នុងគ្រាដែលកងកម្លាំងបរទេសដឹកនាំដោយអាមេរិកបានដកចេញពីប្រទេសមួយនេះ បន្ទាប់ពីមានវត្តមាននៅទីនេះអស់រយៈពេល ២០ឆ្នាំ៕
អត្ថបទ នឹងរូបភាពដោយ Puthinews