26 C
Phnom Penh
Saturday, July 27, 2024

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដល់អនុសាខាទាំង១៤នៃខេត្តបាត់ដំបង ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ឈប់ព្រឹត្តិការ៍សហគមន៍២០កុម្ភៈ

បាត់ដំបង ៖ នៅក្នុងខណៈពេលនៃផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តបាត់ដំបង នៅតែបន្តកើតមានឡើងនោះ ដើម្បីបញ្ឈប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានធ្វើការប្រគល់ជូននូវម៉ាស់ និងសម្ភារផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ និងការគ្រប់គ្រងគ្រោះមហន្តរាយជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រុងទាំង១៤ របស់ខេត្តបាត់ដំបង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងគ្រប់គ្រងគ្រោះមហន្តរាយ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកបណ្ឌិត ប៊ុត គឹមស៊ាន បានជំរុញ ធ្វើការណែនាំបន្ថែមដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រុងទាំងអស់ សូមបន្តការចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការប្រយុទ្ធប្រឆាំងឱ្យបានជោគជ័យនូវការផ្ទុះឆ្លងជំងឺកូវីដ-១៩ ដែលកំពុងតែមានការចម្លងឆ្លងចូលទៅក្នុងសហគមន៍នានារបស់ប្រជាពលរដ្ឋ ហើយកិច្ចការសំខាន់ចំពោះមុខ គឺត្រូវធ្វើការផ្សព្វផ្សារនូវវិធានការចាំបាច់មួយចំនួន ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា រួមជាមួយក្រសួងពាក់ព័ន្ធ និងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរខេត្ត រាជធានី កំពុងតែមានភាពមមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺសកលមួយនេះ យ៉ាងយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងធនធាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តទៀត ។

លោក បានជំរុញលើកទឹកចិត្តដល់ក្រុមការងារ ក៏ដូចជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ បន្តកិច្ចសហការល្អជាមួយគ្នា ធ្វើការផ្សព្វផ្សាយបន្ថែមនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យបានជាប់ជាប្រចាំ ដើម្បីបញ្ឈប់ការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ។

ទន្ទឹមនោះ លោក ក៏បានរំលឹកដល់ក្រុមការងារទាំងអស់ សូមយកសម្ភារៈ ដែលទទួលបាននាពេលនេះយកទៅប្រើប្រាស់ឱ្យចំគោលដៅដល់ជនងាយរងគ្រោះថ្នាក់ ដើម្បីធានាបាននូវសុខភាពសាធារណៈបានល្អ ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ហើយសូមកុំភ្លេចថា មានតែវិធានការ ៣កុំ ៣ការពារតែប៉ុណ្ណោះដែលអាចសង្រ្គោះបុគ្គលខ្លួនឯង គ្រួសារ សហគមន៍និងប្រទេសជាតិយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩បាន៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img