26 C
Phnom Penh
Saturday, July 27, 2024

កសិករ កំពុងត្អូញត្អែរពីការខាតបង់ផលស្រូវ ដោយសារមានតម្លៃទាប ច្រូតក្នុងទឹក និងទទួល

ស្តាប់អត្ថបទជាសំឡេង

ត្បូងឃ្មុំ៖ ការប្រមូលផលស្រូវវស្សាលើកទី២ បានចាប់ផ្តើមបណ្តើរៗហើយ នៅចុងខែតុលា ឆ្នាំ២០២១ ខណៈស្រែមួយចំនួនត្រូវច្រូតក្នុងទឹកទទួលបានទិន្នផលទាប ពោលគឺ ក្នុង១ហិកតាបានមិនដល់ ៣ តោនផង។ ចំណែកឯតម្លៃវិញ ត្រូវបានប្រជាកសិករ
អះអាងថា ទាបមិនអាចទូទាត់ការចំណាយបានទេ។

លោក ជាតិ រស់នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា ឆ្នាំនេះអ្នកធ្វើស្រែបានជួបការលំបាក ត្រង់ថា ស្រូវមានតម្លៃទាប ១គីឡូក្រាមស្រូវរំដួល បានតែចំនួន ១០៧០រៀលប៉ុណ្ណោះ។ ចំណែកឯទិន្នផលវិញ ទាប់បំផុតមិនធ្លាប់មាន ដោយក្នុង១ហិកតា បានមិនដល់ ៣តោនផង។ ការនេះ ដោយសារនៅឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ហើយស្រូវមួយចំនួនធំបានដួល និងត្រូវច្រូតក្នុងទឹក។

កសិកររូបនេះ បានបញ្ជាក់ថា ស្រូវធ្លាក់ថ្លៃខ្លាំងបែបនេះ ដោយសារមិនមានឈ្មួញចូលមកទិញច្រើនដូចរាល់ឆ្នាំ។ ម្យ៉ាងវិញទៀត ដោយសារគ្មានឈ្មួញវៀតណាមមកប្រមូលទិញផ្ទាល់។ ប្រសិនបើនៅតែបែបនេះពួកគាត់ដែលជាអ្នកធ្វើស្រែប្រាកដជារត់ចោលស្រុក ដោយត្រូវធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសមិនខានឡើយ ដោយសារតែការចំណាយខ្ពស់លើការធ្វើស្រែ ចំណែកចំណូលវិញទាបមិនអាចទូទាត់បាន សូម្បីតែសងថ្លៃជីគេ។

ចំពោះបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនទៀតក៏បានរៀបរាប់ស្រដៀងគ្នានេះដែរថា ឆ្នាំនេះម្នាក់ៗជិតដាច់ខ្យល់ហើយ ព្រោះធ្វើស្រែខាត មិនមានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដោយសារស្រូវមានតម្លៃថោក និងទទួលបានទិន្នផលទាប។ អ្នកខ្លះបានលើកឡើងថា ឆ្នាំនេះតម្លៃជីបានឡើងថ្លៃទ្វេមួយជាពីរ ពោលគឺ ក្នុង១បេទម្ងន់៥០គីឡូក្រាម ថ្លៃ១៥ម៉ឺនរៀល និងទិញត្រូវទូទាត់លុយភ្លាមៗ បើទិញជំពាក់ថ្លៃជាងនេះ។

សូមជម្រាបថា ពាក់ព័ន្ធនឹងការប្រមូលផលស្រូវនេះ ក៏មានប្រជាជនមួយចំនួនដែលរស់នៅតាមដងទន្លេមេគង្គ និងតំបន់ទំនាបទឹកទន្លេជនលិច កំពុងចាប់ផ្តើមសាបព្រោះបណ្តើរៗហើយដែរ តែដោយសារទឹកបានហក់ឡើងកាលពីពេលកន្លងទៅថ្មីៗនេះ ហើយទឹកបានមកដល់ ក៏បានជនលិចភាគច្រើន បង្ករការខូចខាតអស់មួយចំនួនធំ តែមកដល់ថ្ងៃនេះមិនទាន់មានរបាយការណ៍ផ្លូវការពីទំហំនៃការខូចខាតនៅឡើយទេ ដោយសារទឹកមិនទាន់ស្រកទៅវិញអស់នៅឡើយ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img