30 C
Phnom Penh
Saturday, July 27, 2024

កសិករព្រួយបារម្ភ ពីតម្លៃសត្វគោចុះថោកដោយសារ តែផ្ទុះជំងឺដុំពកលើស្បែក

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ អ្នកប្រកបរបរចិញ្ចឹមសត្វគោនៅក្នុងស្រុក ពិសេសប្រជាកសិករ ដោយសារតែមួយរយៈចុងក្រោយនេះ មានផ្ទុះជំងឺថ្មីឡើង គឺជំងឺដុំពកលើស្បែកសត្វគោ ដែលធ្វើឱ្យតម្លៃសត្វគោរបស់ពួកគាត់លក់បានក្នុងតម្លៃថោក និងមិនមានអ្នកទិញ។

លោក សូ ឡេវ ប្រជាកសិករម្នាក់រស់នៅភូមិ កូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ដោយមើលឃើញពីសក្កដានុពល និងទីផ្សារធំទូលាយនៃទីផ្សារសត្វគោ ហើយ បានសង្កេតឃើញមានការនាំចូលសត្វគោ ក្របីពី ក្រៅប្រទេសយ៉ាងគគ្រឹកគគ្រេងនោះ ធ្វើឱ្យប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ ប្រកបមុខរបរនេះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ ក្រៅពីការធ្វើស្រែចម្ការ លោក និងអ្នកស្រុកមួយចំនួនទៀត បានងាកមកចាប់របរចិញ្ចឹមសត្វគោរខ្មែរជាលក្ខណៈគ្រួសារ ដោយដំបូងទទួលបានប្រាក់ចំណេញគួរសម ព្រោះតែតម្រូវការទីផ្សារក្នុងស្រុកឈ្មួញទិញយកទៅលក់តាមហាងផឹកស៊ី ឬហាងគោដុត តែពេលថ្មីៗនេះក្រោយពីមានវិបត្តិកូវីដ-១៩មក ធ្វើឱ្យហាងមួយចំនួនត្រូវបិទ ហើយឈ្មួញក៏លែងទិញ ធ្វើឱ្យតម្លៃសត្វគោធ្លាក់ចុះជាលំដាប់។ ក្រៅពីនេះអ្វីដែលសំខាន់នោះ ថ្មីៗនេះមានជំងឺដុំពកលើស្បែកសត្វគោបន្ថែមទៀត រឹតតែធ្វើឱ្យកសិករ ព្រួយបារម្ភយ៉ាងជាខ្លាំងចំពោះបញ្ហានេះ។

ចំពោះបញ្ហានេះដែរ ប្រជាកសិករផ្សេងទៀតក៏បានលើកឡើងស្រដៀងគ្នានេះដែរ និងបានអះអាងថា កន្លងមកមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្មបានយកថ្នាំមកចាក់បង្ការ និងព្យាបាលលើសត្វគោ ក្របីរបស់ប្រជាកសិករដែរ តែមិនបានគ្រប់គ្រាន់នោះទេ មានកសិករខ្លះខ្ជិលដឹកជញ្ជូនសត្វគោ ក្របីទៅចាក់ ក៏សម្រេចចិត្តប្រើប្រាស់ ថ្នាំខ្មែរបុរាណព្យាបាលខ្លួនឯងតែម្តងទៅ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្នសត្វគោនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងឆមាសទី១ឆ្នាំ២០២១ សរុបទាំងអស់ចំនួន១០,២៥៦៥ក្បាល ហើយសត្វគោដែលលោកសង្កេតឃើញតាំងពីឆ្នាំ២,០០០មក មានការកែលម្អពូជគោ ដោយកសិករភាគច្រើនទិញសត្វគោពីប្រទេសថៃដើម្បីបង្កាត់ចញ្ចឹម និងជាគោកូនកាត់ មិនមែនជាកូនគោប្រភេទតូចៗនោះទេ។ ក្នុងនោះក៏មានកូនគោប្រភេទប្រាម៉ាន់ស្ទើរ៨០ ទៅ៩០ភាគរយទៅហើយ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានការកែលម្អស្របទៅតាមទីផ្សារសាច់គោ និងទីផ្សារលក់គោក្នុងស្រុក។ ចំពោះទីផ្សារវិញមិនមានបញ្ហាអ្វីនោះទេ តែគេឃើញតែកសិករមួយចំនួនកំពុងតែបង្កើននូវការចិញ្ចឹមសត្វគោនេះ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img