25 C
Phnom Penh
Sunday, December 1, 2024

កសិករត្អូញត្អែរពីការឡើងថ្លៃជី និងពូជកសិកម្ម តែតម្លៃទាបនៅពេលប្រមូលផល ដែលពួកគាត់មិនរំពឹងទូទាត់ការចំណាយបាន

ស្តាប់អត្ថបទជាសំឡេង

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋមួយចំនួនដែលប្រកបរបរធ្វើស្រែចម្ការ ពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់លិចទឹក នៅខេត្តត្បូងឃ្មុំ កំពុងចាប់ផ្តើមសាបព្រោះ បង្កបង្កើនផលស្រូវ បន្ទាប់ពីទឹកទន្លេមេគង្គបានស្រកចុះទៅវិញ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះគឺ ពួកគាត់ត្រូវចំណាយលុយច្រើនលើថ្លៃ ពូជ ជី ដែលកំពុងឡើងថ្លៃខ្ពស់មិនធ្លាប់មានពីមុនមក ពោលគឺ ជិតគុណនឹង២ឯណោះ ដែលពួកគាត់កំពុងត្អូញត្អែរថា នឹងមិនទទួលបានផលចំណេញពីការធ្វើកសិកម្មនេះទេ ខណៈដែលផលដំណាំរបស់ពួកគាត់កំពុងត្រូវការជីជាចាំបាច់។

លោក សេង ហ៊ន់ ប្រជាពលរដ្ឋរស់នៅឃុំជីរោទី២ ស្រុកត្បូងឃ្មុំ បានរៀបរាប់ថា លោកបានធ្វើស្រែចំនួន ៥ហិកតា ដោយក្នុង១ឆ្នាំលោកអាចធ្វើបានចំនួន ២ដង ជាប្រភេទស្រូវស្រាល មានអាយុកាលជាង៣ខែ អាចប្រមូលផលបាន។ កាលពីលើកទី១ ស្រូវមានតម្លៃទាបនៅពេលប្រមូលផល ពោលគឺ ១គីឡូក្រាមស្រូវចម្រុះថ្លៃ ៧០០រៀល តម្លៃនេះមិនអាចទទួលបានប្រាក់ចំណេញនោះទេ ហើយសម្រាប់លើកទី២នេះ មិនទាន់ដឹងនៅឡើយទេ ខណៈដែលតម្លៃ ពូជ និងជី បានហក់ឡើងស្ទើរគុណនឹង២ទៅហើយនោះ។

លើកឡើងស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ក៏បានរៀបរាប់ថា ឆ្នាំនេះទឹកទន្លេមេគង្គមិនជនលិចធំនោះទេ តែមានភ្លៀងធ្លាក់ច្រើន មិនមានបញ្ហាខ្វះខាតទឹកសម្រាប់ធ្វើស្រែនោះទេ តែអ្វីដែលជាការប្រឈមខ្លាំងនោះគឺ ថ្លៃស្រូវពូជ ពិសេសជីសម្រាប់ជំរុញឱ្យស្រូវលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់ ដែលឆ្នាំមុនៗ ជី១បេ ទម្ងន់ ៥០គីឡូក្រាមមានថ្លៃមិនដល់ ១០ម៉ឺនរៀលនោះទេ តែពេលនេះ ១បេឡើងថ្លៃជាង ១០ម៉ឺនរៀលឯណោះ ពោលគឺ ជិតគុណនឹង២ទៅហើយ។ ពួកគាត់បន្តថា បើគិតពីតម្លៃស្រូវសព្វថ្ងៃ មិនអាចទូទាត់លើការចំណាយបានទេ នេះមិនទាន់គិតថ្លៃពលកម្មរបស់សមាជិកក្នុងគ្រួសារដែលបានធ្វើរាល់ថ្ងៃផង តែដោយសារមិនដឹងប្រកបរបរអ្វី ទើបពួកគាត់ចេះតែនាំគ្នាធ្វើផ្សងសំណាង ក្រែងស្រូវមានហាងឆេងនៅពេលប្រមូលផល។

ចំពោះការឡើងថ្លៃនេះ ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឱ្យជួយអន្តរាគមន៍លើការឡើងថ្លៃ ជី និងពូជ នេះផង។ ម្យ៉ាងវិញទៀត នៅពេលប្រមូលផលស្រូវ សូមជួយរកទីផ្សារ ធ្វើយ៉ាងណាឱ្យតម្លៃស្រូវបានខ្ពស់ជាងនេះបើមិនដូច្នេះទេ ពួកគាត់អាចប្រឈមនឹងការខាតបង់ទាំងថវិកា និងកម្លាំងជាមិនខាន។ បើធ្វើស្រែខាតរាល់ឆ្នាំដូចនេះ ពួកគាត់មិនដឹងថាត្រូវធ្វើអ្វីនោះទេ នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩នេះ៕

អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img