26 C
Phnom Penh
Saturday, July 27, 2024

កសិករខេត្តស្ទឹងត្រែងគ្រោងនឹងបើកសហគមន៍ស្វាយចន្ទីនៅពេលឆាប់ៗ នេះ

ស្តាប់អត្ថបទជាសំឡេង

ស្ទឹងត្រែង៖ ក្រោមកិច្ចការសម្របសម្រួលពីមន្ទីរកសិកម្ម នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កសិករនៅខេត្តស្ទឹងត្រែងបានមកពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងរួមគ្នាបង្កើតជាសហគមន៍ស្វាយចន្ទីមួយប្រចាំខេត្ត។

កិច្ចពិភាក្សានេះ បានធ្វើឡើងនៅក្នុងសាលប្រជុំនៃមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម មន្ត្រីកសិកម្មនិងកសិករជាច្រើននាក់ ផងដែរ។

គួរបញ្ជាក់ថាកសិករដែលបានមកពិភាក្សានៅថ្ងៃនេះ គឺសុទ្ធសឹងជាអ្នកមានចម្ការស្វាយចន្ទីរួចរាល់មកហើយ ដែលស្វាយចន្ទីខ្លះកំពុងឲ្យផល ខ្លះបានផលជាច្រើនឆ្នាំ និងខ្លះទៀតជិតឲ្យផល។ ហើយចំពោះការជជែកពិភាក្សាថ្ងៃនេះដែរ គឺជាជំហានដំបូងដើម្បីឈានទៅដល់ការឯកភាពគ្នាក្នុងការបង្កើតឲ្យចេញជារូបរាងសហគន៍ស្វាយចន្ទីប្រចាំខេត្តនៅពេលខាងមុខឆាប់ៗ។

ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងថា ចំពោះគោលបំណងបង្កើតសហគមន៍ស្វាយចន្ទី គឺដើម្បីកែច្នៃគ្រាប់ស្វាយនាំចេញទៅក្រៅប្រទេស ដែលមានតម្លៃខ្ពស់ជាងការនាំគ្រាប់ស្វាយចន្ទីឆៅចេញទៅលក់នៅក្រៅប្រទេស។ ដោយសារតែជាច្រើនឆ្នាំកន្លងមកនេះ កសិករនៅខេត្តស្ទឹងត្រែង បាននាំគ្រាប់ស្វាយឆៅទៅលក់នៅក្រៅប្រទេស ដែលមានតម្លៃថោកតាមតែមាត់ថារបស់ពួកឈ្មួញ។

យោងតាមរបាយការណ៍ដំបូង របស់ក្រសួងកសិកម្ម បានឲ្យដឹងថា ខេត្តស្ទឹងត្រែង បច្ចុប្បន្នមានចម្ការស្វាយចន្ទីរប្រមាណជា ៦៧.៣០៦ហិកតា ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីលេខ១គឺខេត្តកំពង់ធំ ១១៥.០២១ហិកតា និងលេខ២ខេត្តក្រចេះ ៨២.៣៧៤ហិកតា៕
អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img