32.7 C
Phnom Penh
Sunday, October 6, 2024

កសិករខេត្តបន្ទាយមានជ័យ ត្អូញត្អែរបន្លែធ្លាក់ថ្លៃ តែនៅលក់បានកម្រៃជាងដំដាំស្រូវ

បន្ទាយមានជ័យ៖ កសិករដែលដាំដំណាំបន្លែបង្ការនៅខេត្តបន្ទាយមានជ័យ បានត្អូញត្អែរថា ផលដំណាំឆ្នាំនេះទទួលបានផលគួរសម តែដោយសារនៅក្នុងខែធ្នូនេះ មានការធ្លាក់ថ្លៃបន្តិច។ ការនេះពួកគាត់បានសំណូមដល់ប្រជាពលរដ្ឋខ្មែរ គួរតែងាកមកគាំទ្រផលិតផលខ្មែរដែលប្រើប្រាស់ជីធម្មជាតិ ដើម្បីសុខភាព ចៀសវាងទិញផលិតបរទេស មិនស្គាល់ប្រភព ឬប្រើប្រាស់ជីគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាព។

អ្នកស្រី សូ ចន្ថា ជាកសិករដាំបន្លែបានត្អូញត្អែរថា តម្លៃទីផ្សារមានការប្រែប្រួលមិនទៀងទាត់ទេ។ ឆ្នាំនេះមានតម្លៃប្រសើរជាងឆ្នាំមុន ដោយសារតែមានការបិតការនាំចូលពីប្រទេសជិតខាង ដោយសារជំងឺកូវីដ-១៩ ហើយក៏បានសង្កេតឃើញថា តម្លៃទីផ្សារក្នុងស្រុកបានឡើងខ្ពស់បន្តិចដែរ ដោយស្ពៃក្រញ៉ាញ់ ស្ពៃសៃស៊ីម និងស្ពៃចយ(ស្ពៃតឿ) មានតម្លៃ ២៥០០រៀលក្នុង១គីឡូក្រាម។ ចំណែកស្ពៃខាត់ណា មានតម្លៃ ៤០០០រៀលក្នុង១គីឡូក្រាម។ ទោះមានតម្លៃថ្លៃគួរសមក៏ដោយ តែអ្នកស្រីបារម្ភថា ខែក្រោយបន្លែគ្រប់មុខនឹងមានការធ្លាក់ចុះ ព្រោះឆ្នាំនេះបន្លែសំបូរ ដោយសារមានអ្នកដាំច្រើន។

ជាមួយគ្នានេះ លោក លឿត ឡាំ អាយុ ៣៧ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ក្រោយពីធ្វើស្រែ លោក និងភរិយា បានប្រកបរបរដាំដំណាំស្ពៃចម្រុះអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ការចាប់យករបរដាំដំណាំនេះ បានធ្វើឱ្យលោកមានជីវភាពធូរធារមួយកម្រិតថែមទៀត ពោលគឺ កាក់កបជាងធ្វើស្រែ ទោះជាបន្លែមានការធ្លាក់ថ្លៃបន្តិចដោយសារតែមានការដាំដុះច្រើនក៏ដោយ។ ចំពោះការដាំដុះដំណាំកសិកម្ម ដូចជា ស្ពៃក្រញ៉ាញ់ ស្ពៃសៃស៊ីម(ស្ពៃចង្កឹះ) ស្ពៃចយ(ស្ពៃតឿ) ដែលមានរយៈពេល ២៥ថ្ងៃ អាចប្រមូលផលបានហើយ។ ចំណែកស្ពៃខាត់ណា ប្រើពេលរហូតដល់ ៣ខែ ទើបទទួលបានផល។

លោកបានអះអាងថា ការធ្វើចម្ការដាំដំណាំ ទទួលបានកម្រៃជាងធ្វើស្រែឆ្ងាយណាស់។ ដូច្នេះ លោក សំណូមពរដល់ប្រជាពលរដ្ឋ ដែលស្រលាញ់សុខភាព គួរតែជួយគាំទ្រផលិផលខ្មែរយកទៅបរិភោគ ដោយប្រើប្រាស់ជីធម្មជាតិ(អាចម៌គោ អាចម៌មាន់ អាចម៌ទា) ដោយមិនប្រើជីគីមីខុសពីទំនិញបរទេស។

ទាក់ទងនឹងការលើកឡើងរបស់ប្រជាកសិករនេះ លោក ប៉ាង វណ្ណាសេត ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមាន
ជ័យ បានអះអាងថា បច្ចុប្បន្នមិនថាតែដំណាំស្រូវ ឬបន្លែបង្ការនោះទេ នៅមានតម្លៃខ្ពស់នៅឡើយ ហើយលោកក៏បានសំណូមពរដល់ប្រជាកសិករឱ្យនាំគ្នាដាំបន្លែបង្ការឱ្យបានច្រើន ដើម្បីគ្រប់តម្រូវការនៅក្នុងស្រុក៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUBE >> https://www.youtube.com/channel/UCeI_LAmIoaEAhhs5ceI8xPQ

WEB>> https://puthinews.com/

អានបន្ត

spot_img
spot_img