ភ្នំពេញ៖ លោកម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វា ក្រោយទទួលបានបទបញ្ជាពី លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានដឹកនាំកម្លាំងចម្រុះចុះកាប់ឆ្ការព្រៃដែលជាជម្រករបស់ក្រុមចោរ និងពួកអ្នកប្រើប្រាស់្រគឿងញៀននៅចំណុចដីឡូត៍មួយកន្លែងនៅតាមផ្លូវបេតុង ក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
លោកម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វា បានឱ្យ ពុទ្ធិញូវដឹងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ថា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដីឡូត៍មួយកន្លែងនេះគឺទុកចោលដែលបង្កឱ្យមានព្រៃ និងដើមឈើដុះធំៗ មានភាពងាយស្រួលដល់ក្រុមសង្គមងងឹតធ្វើជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានោះដែរលោកចៅសង្កាត់បានឱ្យដឹងទៀតថា ដោយសារតែអាជ្ញាធរយើងកំពុងមមារញឹកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាឱកាសដែលធ្វើឱ្យជនប្រព្រឹត្តបទល្មើស និងក្រុមប្រើប្រាស់ថ្នាំញៀនបានយកទីតាំងនេះធ្វើជាកន្លែងជក់គ្រឿងញៀន។
ជាមួយគ្នានេះដែរលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា ក៏បានដាក់អាជ្ញាធរមូលដ្ឋានចុះមកបង្ក្រាបបទល្មើសនៅក្នុងតំបន់នេះ ក៏ដូចជាកាប់ឆ្ការព្រៃនេះឱ្យអស់ និងកំចាត់បទល្មើសទាំងអស់កុំឱ្យមាននៅក្នុងមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋយើងផងដែរ។
លោកចៅសង្កាត់បន្តទៀតថា ជារៀងរាល់ខែ គណៈបញ្ជាការឯកភាពសង្កាត់ជ្រោយចង្វា តែងតែជួបប្រជុំ ដើម្បីធ្វើការត្រួតពិនិត្យអំពីសកម្មភាព ការបង្ក្រាប និងស្វែងរកចំណុចទីតាំងប្រឈមធ្វើយ៉ាងណាកុំឱ្យមានបទល្មើសកើតឡើងនៅក្នុងសង្កាត់ជ្រោយចង្វា ម៉្យាងវិញទៀតគឺយើងមិនមែនចុះមកអនុវត្តកាប់ឆ្ការព្រៃតែកន្លែងនេះទេគឺខាងសង្កាត់បានកំណត់គោលដៅទូទាំងសង្កាត់ឱ្យតែកន្លែងណាមានព្រៃ និងទីកន្លែងណាមានបញ្ហាប្រឈមយើងចុះរៀបចំសម្អាតជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺយើងបានរៀបចំកម្លាំង ច្រើនដើម្បីចុះកាប់ឆ្ការព្រៃនេះជារៀងរហូតដូចភ្លៀងរលឹម។
ដើម្បីឱ្យមានសុវត្ថិភាព សន្តិសុខ ក៏ដូចជាសណ្តាប់ធ្នាប់សង្គមលោកម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វា ក៏សូមអំពាវនាវឱ្យម្ចាស់ដីដែលមាននៅក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ប្រសិនបើមានទីតាំងណាមានបញ្ហាប្រឈម មេត្តាជួយសហការ និងរាយការណ៍ដល់អាជ្ញាធរ ដើម្បីរួមគ្នាកុំឱ្យជនល្មើសយកទីតាំងណាមួយធ្វើជាទីជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀន ក៏ដូចជាបទល្មើសផ្សេងៗ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News