26 C
Phnom Penh
Saturday, July 27, 2024

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថាជាង ៣០នាក់ និងបញ្ជូនទៅមន្ទីរសង្គមកិច្ច

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះប្រមូលជនអនាថា ប្រុស ស្រី ក្មេង ចាស់ ចំនួន៣១នាក់ ក្នុងមូលដ្ឋានខណ្ឌ នៅតំបន់វត្តកោះ ចំណុចផ្សាររាត្រី និងផ្សារសូរិយា ដើម្បីធ្វើសំណាកតេស្ត និងបានរកឃើញវិជ្ជមានកូវីដ-១៩ម្នាក់ បញ្ជូនខ្លួនទៅព្យាបាល និងអ្នកលទ្ធផលអវិជ្ជមាន ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការចុះប្រមូលជនអនាថានេះ មានការណែនាំពី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចាត់ឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះប្រមូលជនអនាថាសរុបចំនួន ៣១នាក់ ក្នុងនោះរួមមាន មនុស្សចាស់២៧នាក់ ស្រី១៣នាក់ និងក្មេងចំនួន៤នាក់។

មន្ត្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា កន្លងមកអាជ្ញាធរខណ្ឌ តែងតែចុះប្រមូលជាញឹកញាប់ដែរ តែនៅតែមានជនអនាថាជាហូរហែ ដេកសម្រាកនៅតាមចិញ្ជើមផ្លូវ និងតាមវត្តជាដើម។ រហូតដល់ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្តចុះប្រមូលជនអនាថា បានចំនួន៣១នាក់ យកទៅទុកនៅកន្លែងក្បែរសាលាខណ្ឌដូនពេញ ដើម្បីរកចាំន្ត្រីជំនាញសុខាភិបាល ធ្វើសំណាក។ ក្រោយធ្វើសំណាករួច រកឃើញមានស្ត្រីម្នាក់វិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនទៅព្យាបាល ចំណែកអ្នកផ្សេងទៀតទាំងចាស់ទាំងក្មេងគឺ អវិជ្ជមាន និងត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ អាជ្ញាធរខណ្ឌដូនពេញ ក៏បានសំណូមដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និង ៣កុំ ៣ការពារ ដើម្បីចូលរួមបង្ការទប់ស្កាត់ កាត់ផ្ដាច់កូវីដ-១៩ ឱ្យជោគជ័យក្នុងសហគមន៍៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img