27 C
Phnom Penh
Friday, December 13, 2024

កម្មករខ្មែរ និងបរទេសចម្រុះជាតិសាសន៍ នៅក្នុងការដ្ឋានសាងសង់ទំនប់ដូនទ្រី ស្រុករុក្ខគិរី ខេត្តបាត់ដំបង ឆ្លងជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ អភិបាលស្រុករុក្ខគិរី លោកស្រី ប៊ិន ប៉ូឡែន បានផ្តល់ព័ត៌មានមកភ្នាក់ងារ Puthi News ប្រចាំខេត្តបាត់ដំបង ដឹងថា កម្មករខ្មែរ និងបរទេសចម្រុះជាតិសាសន៍របស់ក្រុមហ៊ុនកូរ៉េ ដែលកំពុងធ្វើការងារក្នុងការដ្ឋានសាងសង់ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅក្នុងភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឆ្លងជំងឺកូវីដ-១៩ ។

លោកស្រី អភិបាលស្រុករុក្ខគីរី បានឱ្យដឹងថា មកទល់ពេលនេះក្រុមគ្រូពេទ្យបានយកសំណាកលើកម្មករក្នុងការដ្ឋាននេះបានចំនួន៤០១នាក់ រកឃើញមាន វិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ ដែលឆ្លងលើកម្មករជនជាតិខ្មែរចំនួន0៩នាក់ និងជនជាតិបរទេសដែលមានជនជាតិហ្វីលីពីន ថៃ កូរ៉េ និងបង់ក្លាដេសចំនួន២៥នាក់ ។

លោកស្រី បានបញ្ជាក់ថា ការផ្ទុះជំងឺកូវីដ-១៩ នៅការដ្ឋានសំណង់ទំនប់ទឹកដ៏ធំមួយនេះ បានកើតឡើង ក្រោយពីអ្នកគ្រប់គ្រងទីតាំងនេះបានទិញតេស្តរហ័ស សម្រាប់ធ្វើតេស្តដល់កម្មករក្នុងការដ្ឋាននេះដោយខ្លួនឯង ក្រោយកម្មករនៅទីនេះមានអាការៈមិនស្រួល ខ្លួនក៏សង្ស័យទើបធ្វើតេស្ត ហើយឃើញមានវិជ្ជមានកូវីដ-១៩ ក៏បានរាយការណ៍មកអាជ្ញាធរ និងមន្រ្តីសុខាភិបាលចុះមកពិនិត្យបន្ថែមរហូតដល់រកឃើញមានឆ្លងជាបន្តបន្ទាប់ ។

លោកស្រី អភិបាលស្រុករុក្ខគិរី បានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ-១៩ ជាជនជាតិខ្មែរត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុកមោងឫស្សី ចំណែកជនបរទេសដាក់ឱ្យព្យាបាលនៅការដ្ឋានផ្ទាល់តែម្តង ដែលមានគ្រូពេទ្យបរទេសប្រចាំការនៅទីនោះម្នាក់ និងគ្រូពេទ្យខ្មែរចេញចូលរាល់ថ្ងៃ ដើម្បីតាមដាន និងផ្តល់យោបល់ ។

ចំណែកកម្មករផ្សេងទៀតត្រូវបានយកសំណាក០២លើកមកហើយ នឹងបន្តដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងការដ្ឋានសាងសង់ទំនប់ ដូនទ្រីនេះផ្ទាល់តែម្តងមិនអនុញ្ញាតឱ្យចេញក្រៅនោះទេ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img